06/04/22 03:50 AM
កំពង់ធំ៖ ប្រជាពលរដ្ឋ ៣៩០ គ្រួសារ នៅខេត្តកំពង់ធំ ទទួលបានដីអាស្រ័យផលពីរដ្ឋាភិបាលជាង ២,៦៣០ ហិកតា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋចំនួន ៣៩០ គ្រួសារ ដែលមានផ្ទៃដី ២,៦៣០ហិកតា បានប្រើប្រាស់អាស្រ័យផលស្របច្បាប់។ នេះបើយោងតាមរដ្ឋបាលខេត្តកំពង់ធំដែលយើងទទួលបាន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ។
ដើម្បីឲ្យប្រជាពលរដ្ឋអាស្រ័យផលតាមតម្រូវការចាំបាច់ដោយមិនមានការគំរាមកំហែង និងខុសច្បាប់ដូចមុនទៀតនោះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ និងខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចំនួន ៣៩០ គ្រួសារ ក្នុងការកាត់ឆ្វៀលដីជំនួន ២,៦៣០ ហិចតា ដើម្បីឲ្យពលរដ្ឋបង្កបង្កើនផល។ ការផ្ដល់ដូចនេះគឺដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋទន្ទ្រានដីទៅក្នុងតំបន់តំបន់អភិរក្សសត្វខ្សឹបបន្តទៀត និងសូមចូលរួមថែរក្សាព្រៃសហគមន៍ឲ្យបានគង់វង្ស។ ជាមួយគ្នានេះប្រជាពលរដ្ឋទាំងអស់សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយពួកគាត់សន្យាថានឹងបន្តគាំទ្រគោលនយោបាយនិងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានដីពីរដ្ឋាភិបាលដើម្បីបង្កបង្កើនផលនោះ គឺស្ថិតនៅ ភូមិកំពីត ឃុំសាមគ្គី ស្រុកប្រាសាទបាល័ង្គ នឹងឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ៕ អត្ថបទ: ប្រសិទ្ធ



