មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ណែនាំដល់ប្រជាសហគមន៍កុំលក់ដំឡើងថ្លៃក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ


ត្រលប់ក្រោយ

08/04/22 04:27 AM

ចំនួនទស្សនា៖

426

ប្រភព៖

ស្ទឹងត្រែង

ដោយ៖SR276


ស្ទឹងត្រែង ៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដល់គ្រប់ប្រជាសហគមន៍អេកូទេសចរណ៍ ត្រូវនាំគ្នារៀនកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលកសិកម្ម សម្រាប់លក់ដូរយកប្រាក់ចំណូល ហើយកុំលក់ដំឡើងថ្លៃដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។


ក្នុងឱកាសជួបប្រជាសហគមន៍ផ្សោតព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧  ខែមេសា ឆ្នាំ២០២២ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ការអនុវត្តន៍បានល្អទៅតាមគោលការណ៍ ជាចំណែកមួយជួយជំរុញទៅដល់ការលើកកម្ពស់ផលិតផលដែលយើងផលិតបានផងដែរ។


លោកបានបន្តថា៖ " គឺរាល់ផលិតផលទេសចរណ៍ដែលបងប្អូនយើងនាំមកលក់ គឺសម្រាប់បម្រើឱ្យភ្ញៀវទេសចរក្នុងតំបន់នេះ ជាផលិតផលក្នុងស្រុករបស់យើង ផលិតផលបានពីផលិតផលកសិកម្ម ដំណាំហូបផ្លែ ត្រីសាច់និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលអាចប្រែក្លាយជា វត្ថុអនុស្សាវរីយ៍ទេសចរណ៍ តាមការកែច្នៃវត្ថុធាតុដើម នៅក្នុងតំបន់នេះ ត្រូវតែរៀបចំជំរុញធ្វើម៉េចប្រើប្រាស់នូវវត្ថុធាតុដើម នៅក្នុងតំបន់ឱ្យបានច្រើនជាង ហើយយើងត្រូវ ធ្វើកិច្ចការងារជាមួយគ្នាបន្តទៀត ជាមួយនិងអង្គភាពពាក់ព័ន្ធមួយចំនួន ដែលត្រូវរួមគ្នាធ្វើការ "។

កញ្ញាសៃម៉ី អ្នកលក់ដូរនៅរមណីយដ្ឋានទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរបច្ចុប្បន្នមិននិយមទិញវត្ថុអនុស្សាវរីយ៍ និងសម្លៀកបំពាក់ទេ គឺពួកគាត់ ភាគច្រើនទិញចំណីអាហារប្លែកៗនិងផលិតផលដែលផលិតឡើងពីធម្មជាតិ ព្រោះពួកគាត់គិតពីសុខភាពជារឿងសំខាន់។

 

កញ្ញាបន្តថា នៅពេលមានបុណ្យទាន ប្រជាសហគមន៍បានផលិតនំចំណីយកមកលក់ដូរច្រើនគ្នានិងខ្លះទៀតបានកែច្នៃវត្ថុអនុស្សាវរីយ៍ និងមួយចំនួននាំចូលពីប្រទេសជិតខាង។

កញ្ញាបានទទួលស្គាល់ថា ទំនិញដែលនាំចូលនៅតំបន់នេះមានតែស្រាបៀរឡាវ និង វត្ថុអនុស្សាវរីយ៍មួយចំនួន ភ្ញៀវទេសចរបាននិយមទិញយកទៅបរិភោគនិងប្រើប្រាស់ដែរ។

កញ្ញាបន្តថា ពួកគាត់នឹងប្រឹងប្រែងនាំគ្នាកែច្នៃផលកសិកម្ម យកមកលក់នៅតំបន់ទេសចរណ៍ដើម្បីរកប្រាក់ដោះស្រាយជីវភាពផង និងបានរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ ដើម្បីថែរក្សាសហគមន៍អេកូទេសចរណ៍នេះកុំឱ្យបាត់បង់ ទោះបីសត្វផ្សោតបានស្លាប់អស់ទៅហើយក៏ដោយ។


សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានសហគមន៍អេកូទេសចរណ៍ចំនួនបីកន្លែងតែប៉ុណ្ណោះ ដែលកំពុងដំណើរការបម្រើភ្ញៀវទេសចរអចិន្ត្រៃយ៍ ក្នុងនោះមាន សហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល នៅស្រុកសៀមបូក ផ្សោតព្រះរំកិល និងភ្នំជម្រកសត្វឆ្នាំង នៅស្រុកថាឡាបរិវ៉ាត់៕





dd
Bottom Ad