18/04/22 04:35 AM
ដោយ៖ ណុប-រក្សា
បន្ទាយមានជ័យ៖ ថវិកាឧបត្ថម្ភចំនួន ១១៦,២១២,៥០០រៀល (មួយរយដប់ប្រាំមួយលាន ពីររយដប់ពីរពាន់ប្រាំរយរៀលគត់) ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកផ្តល់ជូនអតីតមន្ត្រីនគរបាល ដែលចូលនិវត្តន៍ចំនួន០៨រូប និង បើកផ្តល់ជូនក្រុមគ្រួសារមន្ត្រីនគរបាលមរភាពចំនួន០៣រូបផងដែរ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនសេនាធិការ លោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិក ។
ថ្លែងទៅកាន់មន្ត្រីនគរបាលចូលនិវត្តទាំង០៨រូបនិក្រុមគ្រួសារសពមន្ត្រីនគរបាលមរណភាពទាំង០៣រូបនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានពាំនាំផ្តាំសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងថ្លែងនូវការដឹងគុណដល់ក្រុមគ្រួសារ ជាភរិយា ជាកូន ជាចៅ កន្លងមកដែលបានលះបង់ ស្វាមី ឪពុក ជីតា ឲ្យចូលបំរើជាកងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងរក្សាការពារសន្តិភាព ក៏ដូចជាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយមកទល់ពេលនេះ បងៗទាំងអស់មានអាយុកាលត្រូវចូលនិវត្តន៍តាមលក្ខន្តិកៈ ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិបានកំណត់ ។
លោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ថា៖ដោយការដឹងពីគុណបំណាច់របស់បងប្អូនជាមន្ត្រីរាជការក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញតួនាទីបំរើប្រជាជននិងចូលរួមការពារសន្តិសុខ សុវត្ថិភាព ពិសេសចូលរួមថែរក្សា ការពារសន្តិភាព នាគ្រាកន្លងមកនោះ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានបើកផ្តល់ប្រាក់គោលនយោបាយជូននៅពេលដែលចូលនិវត្តន៍ ហើយមន្ត្រីនគរបាលទទួលមរណភាពក៏រាជរដ្ឋាភិបាលបានផ្តល់ជូនថវិកាបូជាសពឬបញ្ចុះសពនិងថវិកាបើកផ្តាច់ជូនក្រុមគ្រួសារសពផងដែរ។ជាក់ស្តែងនាថ្ងៃនេះមន្ត្រីនគរបាលចំនួនប០៨រូប ដែលនិវត្តន៍ តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការនរបាលជាតិ រាជរដ្ឋាភិបាលបានឧបត្ថម្ភប្រាក់គោលនយោបាយទាំង០៨រូប សរុបចំនួន ៦៤,៥៨០,០០០រៀល(ហុកសិបបួនលាន ប្រាំរយប៉ែតសិបពាន់រៀលគត់)។
ដោយឡែកថវិកាបើក ផ្តល់ជូនក្រុមគ្រួសារមន្ត្រីនគរបាលមរណភាពចំនួន០៣រូប ក្នុងនោះមាន៖ ថវិកាបូជា ឬបញ្ចសព ទឹកប្រាក់ចំនួន១៩,០២២,៥០០រៀល(ដប់ប្រាំបួនលាន ម្ភៃពីរពាន់ប្រាំរយរៀលគត់)និងថវិកាមួយលើកដំបូង(បើកផ្តាច់)ទឹកប្រាក់ចំនួន ៣២,៦១០,០០០រៀល(សាមសិបពីរលាន ប្រាំមួយរយដប់ពាន់រៀលគត់)។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក៏បានផ្តាំផ្ញើមន្ត្រីនគរបាលដែលចូលនិវត្តន៍ ក៏ដូចជាក្រុមគ្រួសារនៃសពទាំងអស់ ក្រោយពីទទួលបានថវិកានេះសុំឲ្យចាយវាយត្រូវគោលដៅ ពិសេសធ្វើជាទុនរកស៊ី ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើងនិងបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលនិងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕








