20/04/22 09:51 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ៖ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ថ្លែងអំណរគុណជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំប្រឹងថែរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈជូនភ្ញៀវទេសចរណ៍ដែលបានចូលមកលេងកំសាន្តសប្បាយនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ជាមួយនោះក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការ អង្គភាពពាក់ព័ន្អ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ ក្រុមការងារយុវជន ដែលបានសហការចូលរួមរៀបចំកម្មវិធីសង្ក្រាន្តបន្ទាយមានជ័យ ទីតាំងសួនមានជ័យនិងសង្ក្រាន្តបន្ទាយឆ្មារប្រាសាទបន្ទាយឆ្មារ ក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយ ដោយមានការលេងល្បែងប្រជាប្រីយ៍យ៉ាងអធឹកអធម្មក្រៃលែង ។
ការថ្លែងនេះនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំបូកសរុបការងាររៀបចំសង្ក្រាន្តនៅទូទាំងខេត្ត ក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិបានបញ្ចប់ និងការរៀបចំទិវាកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីគណៈអភិបាលរងខេត្ត មេបញ្ជាការកម្លាំងទាំង៣ប្រភេទ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ម្សិលមិញ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក្រោយពីបញ្ចប់ចូលឆ្នាំ ពិសេសដោយមានការណែនាំពីក្រសួងសុខាភិបាល លោកក៏បានអំពាវនាវដល់ពលរដ្ឋ ដែលបានចូលរួមលេងកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលទើបនឹងបញ្ចប់ សូមឲ្យតាមដានសុខភាពរបស់ខ្លួន បើក្នុងករណីមានការសង្ស័យ សូមដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារ និងធ្វើតេស្តដើម្បីរកជំងឺកូវីដ-១៩ ដែលវិធានការដាក់ខ្លួននៅដាច់ដោយឡែកនេះ គឺដើម្បីសុវត្ថិភាពក្រុមគ្រួសារ ដើម្បីសហគមន៍ និងប្រទេសជាតិ ទប់ស្កាត់ពីការចម្លងពីជំងឺកូវីដ-១៩។
ផ្សារភ្ជាប់ជាមួយនឹងកម្មវិធីនេះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងចូលរួមត្រេកអរ និងមោទនភាពដែលខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានភ្ញៀវទេសចរណ៍ បានមកចូលរួមលេងតាមទីតាំងរមណីដ្ឋាននិងតំបន់ទេសចរណ៍ ពិសេសនៅសួនមានជ័យ មានពលរដ្ឋលេងកំសាន្តច្រើនជាងគេ ។
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឱ្យដឹងថា ៖ រយៈពេល៣ថ្ងៃ និងបន្ថែមថ្ងៃអាទិត្យ (ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២) មានភ្ញៀវទេសចរសរុបចំនួន ៤៧១.១១៩នាក់ (កើនឡើង ១៤០,៦៧% បើប្រៀបធៀបនឹងឆ្នាំ២០១៩) ក្នុងនោះភ្ញៀវជាតិចំនួន ៤៧០.៧៤៧ នាក់ (កើនឡើង ១៤១,៧៣%បើប្រៀបធៀបនិង ឆ្នាំ២០១៩) ភ្ញៀវបរទេសមានចំនួន ៣៧២ នាក់ (ថយចុះ -៦៣,៣១%បើប្រៀបធៀបនិងឆ្នាំ២០១៩)បានធ្វើដំណើរ កម្សាន្តតាមរមណីយដ្ឋាននានា និងសង្ក្រាន្តក្នុងនៅទូទាំងខេតបន្ទាយមានជ័យ៕











