វិទ្យាល័យស្វាយចេកទទួលអគារអប់រំបច្ចេកទេសទី៩ ពីអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍កម្ពុជា (SEAPC.C)


ត្រលប់ក្រោយ

29/04/22 07:17 AM

ចំនួនទស្សនា៖

506

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប-រក្សា


បន្ទាយមានជ័យ៖ រសៀលថ្ងៃអង្គារ៍ ទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ភឿក សណៃ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងនាយកអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍កម្ពុជា (SEAPC.C) និងឯកឧត្តមហ៊ូ ប៊ុនហេង ទីប្រឹក្សាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការវាស់វែងកំណត់ទីតាំងសាងសង់អគារអប់រំបច្ចេកទេសទី៩ នៅវិទ្យាល័យស្វាយចេក ។

ឯកឧត្តម ហ៊ូ ប៊ុនហេង បានមានប្រសាសន៍លើកឡើងថា៖ការចុះពិនិត្យវាស់វែងកំណត់ទីតាំងសាងសង់អគារអប់រំបច្ចេកទេសទី៩ នៅវិទ្យាល័យស្វាយចេក គឺជាជំនួយឧបត្ថម្ភរបស់អង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍កម្ពុជា(SEAPC.C) ក្រោមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម ក៏បានបញ្ជាក់ថា៖ គោលបំណងនៃសាងសង់អគារអប់រំបច្ចេកទេសទី៩នេះឡើង គឺដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសអប់រំវិជ្ជាជីវៈជូនដល់សិស្សានុសិស្ស និងសហគមន៍។ ជាក់ស្តែងការ បណ្តុះបណ្តាលជំនាញមានផ្នែក កាត់ដេរ-តបណ្តាញអគ្គិសនីយ-ជួសជុលកុំព្យូទ័រ-ជួសជុលទោចក្រយានយន្ត ជាដើម ។អគារអប់រំបច្ចេកទេសទី៩នេះ ត្រូវសាងសង់ដោយ ចំណាយថវិការអស់ប្រមាណជាង ១៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក មានទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ។

ជាមួយគ្នានោះដែរ លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមអភិបាលស្រុកស្វាយចេក និងជួសមុខឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមសំដែងនៅសេចក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរអរគុណដល់ឯកឧត្តម នាយកអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍កម្ពុជា(SEAPC.C)និងក្រុមការងារដែលបានឧបត្ថម្ភនូវអគារអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅលើទឹកដី នៃស្រុកស្វាយចេក ជាក់ស្ដែងក្នុងវិទ្យាល័យស្វាយចេកនេះ។

លោកបានបញ្ជាក់ថា៖ ការសាងសង់អគារអប់រំបច្ចេកទេសទី៩ នៅវិទ្យាល័យស្វាយចេកនាពេលនេះពិតជាមានសារៈសំខាន់ណាស់ចំពោះសិស្សានុសិស្ស និងសហគមន៍ បានសិក្សាផង និងបានរៀនពីជំនាញវិជ្ជាជីវៈបណ្តើរផង។ជាពិសេសក្នុងការជួយជំរុញការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ៕





dd
Bottom Ad