04/05/22 03:39 AM
បន្ទាយមានជ័យ៖ ដើម្បីឆ្លើយតបតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីផលលំបាកក្នុងការធ្វើដំណើរ លោក លី សារី ប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី និងលោក ឈូ ប៊ុនរឿង ប្រធានក្រុមការងារចុះជួយឃុំបន្ទាយនាងនិងជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលគ្រឿងចក្រគៀកិន ផ្លូវគ្រោះក្រហម១ខ្សែ ដែលមានប្រវែង ៣,៥០០ម៉ែត្រ ស្ថិតក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី កាលពីទី២៩ ខែមេសា ឆ្នាំ២០២២។
លោក រ័ត្ន ដាស៊ីណង បានលើកឡើងថា៖ ផ្លូវ១ខ្សែដែលមានប្រវែង៣៥០០ម៉ែត្រ កំពុងយកគ្រឿងចក្រគៀរកិននេះគឺចាប់ផ្តើមពីភូមិគោកព្នៅ ឃុំបន្ទាយនាង ដោយឆ្លងកាត់ចំនួន៣ភូមិ មានប្រជាពលរដ្ឋរស់នៅ១,៩២៧គ្រួសារ ឆ្ពោះទៅពោធិពីរដើម ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់់ទឹក ស្រុកមង្គលបូរី ដើម្បីបំពេញតាមសំណូមពរនិងសម្រួលដល់ការធ្វើដំណើរបណ្ដោះអាសន្នសិន។
ថ្លែងក្នុងការចុះពិនិត្យលោក លី សារី ប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី បានមានប្រសាសន៍ថា៖តាមរយៈផ្លូវ១ខ្សែនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗ ។ ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រ។ ជាក់ស្ដែងនារដូវភ្លៀងធ្លាក់ គឺវាពិបាកក្នុងការធ្វើដំណើរទៅមក តែពេលនេះបងប្អូនប្រជាពលរដ្ឋលែងមានការព្រួយបារម្ភទៀតហើយព្រោះយើងធ្វើការគៀរកិនបង្ហាប់ដី ដែលដំណើរការនៃការស្ថាបនា និងរួចរាល់ហើយ។
ជាមួយគ្នានោះលោកក៏បានធ្វើការណែនាំនិងសំណូមពរដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំផ្លូវមួយខ្សែនេះឱ្យបានស្ថិតស្ថេរដើម្បីឱ្យមាននិរន្តរភាពប្រើប្រាស់បានយូរអង្វែងព្រោះមានស្ពាន មានផ្លូវមានក្តីសង្ឃឹម មានការរីកចម្រើន។
ក្នុងនោះដែរ លោក លី សារី អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានគ្រប់គ្នា ៕


