05/05/22 02:35 AM
អត្ថបទ: ប្រសិទ្ធ
បន្ទាយមានជ័យ៖ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការធ្វើប័ណ្ណព្រំដែនរវាងកម្ពុជា-ថៃ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនព័ត៌មានឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈអង្គភាពច្រកចេញចូលតែមួយ មានបំរើសេវារដ្ឋបាលនៃការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលមានអាសយដ្ឋាននៅខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលយើងទទួលបាននៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ នេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញឲ្យដឹងទៀតថាតម្លៃ និងពេលវេលានៃប័ណ្ណព្រំដែនមានដូចខាងក្រោម÷
១. ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ ថ្មី តម្លៃ ២០,០០០ រៀលក្នុង ១ប័ណ្ណ
២. ការបន្តសៀវភៅប័ណ្ណព្រំដែនកម្ពុជា-ថៃ តម្លៃ ២០,០០០ រៀលក្នុង ១ប័ណ្ណ
៣. ការបន្តការសុខភាពប័ណ្ណព្រំដែនកម្ពុជា-ថៃ តម្លៃ ១០,០០០ រៀលក្នុង ១ប័ណ្ណ (សៀវភៅចាស់) ហើយមានសុពលភាពរយៈពេល ២ ឆ្នាំ និងមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តបន្ទាយមានជ័យ។
នេះគឺជាការឲ្យយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យបន្ទាប់ពីមានការបើកដំណើរការប្រទេសឡើងវិញ ក៏ដូចជាប្រទេសជិតខាងនៃព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការច្រកព្រំដែនឡើងវិញ និងដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបរបរអាជីវកម្មនាំទំនិញចេញ-ចូល ការចេញ-ចូលក្នុងការទិញទំនិញ ដោះដូរទំនិញជាដើម។
គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានបើកដំណើរការប្រទេស ព្រំដែនឡើងវិញនៅខែវិច្ឆិកា ឆ្នាំ ២០២១។ ហើយថ្មីៗនេះនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ប្រទេសថៃបានបើកដំណើរការព្រំដែនឡើងវិញ ដែលជាច្រកជាប់ទៅនឹងប្រទេសកម្ពុជា ដូចជាច្រកព្រំដែនប៉ោយប៉ែត និងភ្នំដីជាដើម។ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការសាទរ និងរីករាយយ៉ាងខ្លាំង ក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនដើម្បីទ្រទ្រង់ជីវភាពឡើងវិញ បន្ទាប់ពីទទួលរងនូវឥទ្ធិពលនៃការឆ្លងរីករាលដាលនៃជំងឺ covid-19 រហូតឈានដល់បិទព្រំដែន៕







