09/05/22 04:43 AM
បន្ទាយមានជ័យ៖ មានករណីប៉ុនប៉ងមនុស្សឃាតមួយ ដែលជនបង្កត្រូវបានគេស្គាល់ជាមន្ត្រីនគរបាល០១រូបទើបនិងពាក់ស័ក្តិ៤កន្លះ មានឋានៈ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយគ្រាន់តែសត្វក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួនទាញកាំភ្លើងបាញ់ម្ចាស់ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ ។ករណីហឹង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។នេះបើតាមកការឲ្យដឹងពីនគរបាលស្រុអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងទៀតថា៖ជនបង្កឈ្មោះរ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំភេទប្រុស មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃមកស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុសនៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឲ្យគេប្រហែលជា១០០ក្បាល ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះបានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់បានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញពីក្នងុដីរបស់ខ្លួនកុំឲ្យស៊ីស្មៅព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ី ជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហ៊ាននៅក្បែរកន្លែងនោះ ក្រោយមកមិនដឹងជាយ៉ាងមេចជនបង្ក ក៏បានទាញកាំភ្លើងម៉ាក់វាំងឡុង(ជាប្រភេទកាំភ្លើងបាញ់សត្វ)បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។ជនរងគ្រោះយកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់ ។ករណីនេះជនបង្កកម្លាំងនគរបាលស្រុកអូរជ្រៅកំពុងតាមប្រម៉ាញ់ចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

