10/05/22 03:24 AM
ឧត្តរមានជ័យ៖ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
ពិធីបើកច្រកទ្វារអន្តរជាតិជាំជាផ្លុវការឡើងវិញនាពេលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីជាច្រើនរូបទៀត។
ចំពោះគោលការណ៍ និងលក្ខខណ្ឌដែលភាគីថៃបានដាក់ចេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចូលក្នុងប្រទេសថៃនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ភាគីថៃជួយបន្ថូរបន្ថយ និងបន្ថែមនូវចំណុចខ្លះ។
ចំណុចដែលលោកអភិបាលខេត្តឧត្តរមានជ័យ សំណូមពរឱ្យភាគីថៃជួយបន្ថូរបន្ថយនោះ គឺករណីបណ្ណធានារ៉ាប់រងសុខភាព ចំពោះអ្នកកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) ចំណែកការសំណូមពរឱ្យភាគីថៃជួយបន្ថែមនោះ គឺចំពោះអ្នកកាន់បណ្ណព្រំដែន (Border Pass) ចូលប្រទេសថៃ ដែលភាគីថៃកំណត់រយៈពេល៣ថ្ងៃ ឱ្យមានសុពលភាព៧ថ្ងៃដូចកាលពីលើកមុន។
សូមបញ្ជាក់ថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិជនាថ្ងៃនេះ កម្ពុជា-ថៃ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩៕


