18/05/22 02:05 AM
ភ្នំពេញ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និងសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា (International Business Chamber of Cambodia-IBC)។ ពិធីនេះប្រព្រឹត្តឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង សាធារណៈនិងដឹកជញ្ជូន។
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់នោះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃអគ្គលេខាធិដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាជិកសមាជិកា មកពីសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លោក Paul Dodd សមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍នៃសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា និងជានាយកគ្រប់គ្រងក្រុមហ៊ុន Infinity Financial Solutions ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនជាសមាជិករបស់ IBC ផងដែរ។
លោក Paul Dodd បានលើកឡើងអំពីសាវតានៃការបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលរួមមានសមាសភាពមកពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុនTotal Energy ក្រុមហ៊ុន Mitsubishi ក្រុមហ៊ុនធានារ៉ាប់រង Prudential Cambodia និងបណ្តាក្រុមហ៊ុនឯកជនដទៃទៀត យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោកបានបន្ថែមថា ក្រុមការងារបានបង្កើតយុទ្ធនាការសង្គមស្តីពី “អំណាចនៃពាក្យថាទេ” ជាផ្នែកមួយ នៃយុទ្ធនាការពិសាគ្រឿងស្រវឹង កុំបើកបរ បើកបរកុំពិសាគ្រឿងស្រវឹង ដើម្បីផ្សព្វផ្សាយដល់សមាជិក និង ក្រុមគ្រួសាររបស់សមាជិក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានកត់សម្គាល់ថា៖ ចរាចរណ៍មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជៀសមិនផុត ហើយក្រុមការងារសុវត្ថិ ភាពចរាចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅត្រីមាសទី៣ នៃឆ្នាំ២០២២នេះ ក្នុងគោលដៅចូលរួមចំណែកក្នុងការផ្លាស់ប្តូរឥរិយាបថសង្គមស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក Paul Dodd មានសុទិដ្ឋិនិយមថា និងចូលរួមចំណែកជាមួយរដ្ឋាភិបាលផងដែរក្នុងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើ ប្រាស់ផ្លូវ តាមរយៈការរៀបចំយុទ្ធនាការអប់រំសុវត្ថិភាពនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅ កម្រិតអប្បបរិមា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
លោកជំទាវ មឹន មាណវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានជំរុញឱ្យក្រុមហ៊ុនឯកជនចូលជាសមាជិករបស់ខ្លួន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព។ លោកជំទាវបន្ថែមទៀតថា កម្ពុជាមិនមានអត្រាអ្នកឆ្លង និងបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ទេ ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ក៏ប៉ុន្តែបើក្រឡេកមកមើលពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍វិញ កម្ពុជាមានអ្នកស្លាប់យ៉ាងហោចណាស់៥នាក់ក្នុងមួយថ្ងៃ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបផ្លាស់ប្តូរឥរិយាបថ មានស្មារតីប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ពេលវេលា។
គួររំលឹកផងដែរថា បើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨៦៩នាក់ បណ្តាលឱ្យស្លាប់៤៩៣នាក់ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២។ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅទូទាំងប្រទេស បានកើនឡើងចំនួន១០៦ករណី ស្មើនឹង១៤% ចំនួនអ្នកស្លាប់បានកើនឡើង៦០នាក់ រឺស្មើនឹង១៤% និងចំនួនអ្នករងរបួសបានកើនឡើង១៤៩នាក់ ស្មើនឹង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ បើផ្អែកតាមរបាយការណ៍ខាងលើ ក្នុងរយៈពេល៣ខែកាលពីឆ្នាំកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧៦៣លើក បណ្តាលឱ្យអ្នកស្លាប់ចំនួន ៤៣៣នាក់ និងរបួសចំនួន១,១១៣នាក់៕ អត្ថបទ: ប្រសិទ្ធ