ភ្លៀងមួយមេធំយ៉ាងខ្លាំង លាយឡំផ្គរន្ទះ ខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង និង រងរបួសស្ត្រីជាម្ចាស់ផ្ទះ


ត្រលប់ក្រោយ

31/05/22 05:38 AM

ចំនួនទស្សនា៖

508

ប្រភព៖

កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់រងរបួសដៃ សំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង រងការខូចខាតខណ:ពេលមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គរន្ទះ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិ ត្រពាំងកកោះ ឃុំ ស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍ បាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើ បានបាក់រលំផ្ទះប្រជាពលរដ្ឋ ដែលសង់ពីឈើប្រក់ស័ង្កសី អស់ចំនួន៤ខ្នង ស្មើនិង៤គ្រួសារ និងបណ្តាលឲ្យស្ត្រីម្នាក់ រងរបួសដៃត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះគាត់ឱ្យទាន់ពេលវេលា។ អជ្ញាធរមូលដ្ឋាន ឃុំស្តុក នៃស្រុកគងពិសី ចុះទៅសាកសួសុខទុក្ខ បានធ្វើកំណត់ហេតុនិងរបាយការណ៍ ដើម្បីរាយការណ៍ដល់អនុសាខាកាកបាទក្រហមស្រុកគងពិសី ចុះទៅផ្តល់អំណោយនិងសម្ភារ: ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយហេតុការណ៏គ្រោះធម្មជាតិ បណ្តាលឲ្យបាក់រលំផ្ទះរបស់ពួកគាត់។

គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងបន្ថែមទៀតហើយ គឺចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូលសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។ កត្តាទាំងនេះនឹងធ្វើឱ្យប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គររន្ទះ ខ្យល់កន្ត្រាក់ នៅទូទាំងប្រទេសកម្ពុជាតាមតំបន់មួយចំនួន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិនេះ៕


dd
Bottom Ad