15/06/22 05:56 AM
កំពង់ធំ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀតគឺដូចទី ៤ ទី ៥ ពិសេសគឺដូទី ៥ ដល់មន្ត្រីជួរមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជាទូទាំងរាជធានី-ខេត្ត ចាប់ពីថ្ងៃទី ៩ ខែមិថុនា មក ឃើញថានៅតាមបណ្ដាលឱ្យរាជធានី-ខេត្តមានការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញទី ៥ ជូនដល់មន្ត្រីជួរមុខប្រកបដោយរលូន។ ហើយក៏បានឃើញបងប្អូនប្រជាពលរដ្ឋដែលជាមន្ត្រីជួបមុខទាំងអស់មានការអញ្ជើញទៅចូលរួមទទួលនូវការចាក់វ៉ាក់សាំងច្រើនកោះករគួរឱ្យកត់សម្គាល់។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយលោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងក្រុមការងារក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅមណ្ឌលសុខភាពគ្រើល និងក្នុងបរិវេនសាលាបឋមសិក្សា មិត្តភាព តានបៀន ក្នុងខេត្តកំពង់ធំ ។
ជាមួយគ្នានេះដែរលោកជំទាវ ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬចាក់ដូសទី៣ ត្រូវរួសរាន់មកចាក់ នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩ ដូចនេះហើយលោកជំទាវ បានបន្តផ្តាំផ្ញើអោយប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យអោយបានគ្រប់ៗគ្នា ក៏ដូចជាគោរពពាក្យស្លោករបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូនគឺ «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ចំនួនដូសផងដែរ បើទោះបីកម្ពុជាមកដល់ពេលនេះ មិនទាន់បានរកឃើញនូវករណីឆ្លងវីរុសកូវីដ១៩ ក៏ដោយ ។
បន្ទាប់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ ទីតាំងក្នុងខេត្តកំពង់ធំ រួចមក នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន បានអញ្ជើញចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តម ទូច សុខា អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ធំ ស្តីពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ធំ ។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្រុមការងារក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។
គួររម្លឹកផងដែរថា ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-19 ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២បានចំនួន÷
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៦៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,២៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៣,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៨,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,១៣%៕ អត្ថបទ: ប្រសិទ្ធ






