មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តរតនគិរីបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង


ត្រលប់ក្រោយ

16/06/22 04:14 AM

ចំនួនទស្សនា៖

366

ប្រភព៖

រតនគីរី

រតនគិរី ៖ នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តរតនគិរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ស្ថិតនៅក្នុងភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

 តាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តរតនគិរីបានឱ្យដឹងថាសហគមន៍ជនជាតិដើមភាគតិចគ្រឹង1 សហគមន៍បន្ថែមទៀតនឹងទទួលបានវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពនាពេលនេះដោយអនុលោមតាមអនុក្រឹត្យលេខ៩០ អនក្រ.ប ក ចុះថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការកាត់ផ្ទៃដីទំហំ ១២១៧ ហិចតា ៩៨អា និង ៨៩ សង់ទីអា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០២២ និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹងស្ថិតនៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំខេត្តរតនគីរីចំនួន ១៦៩ គ្រួសារ មាន១៣ វិញ្ញាបនបត្រលើផ្ទៃដី១២៣០.២៣៤៥ហិកតាក្នុងនោះមានដីលំនៅដ្ឋាន1ក្បាលដី ស្មើនឹង ១៩.៣៥៩៧ហិកតា ដីកសិកម្មមាន ១០ក្បាលដីស្មើនឹង ១១៩៨.៦២៩២ហិកតា ដីព្រៃកប់ខ្មោចមាន1ក្បាលដីស្មើនឹង៥.១៥៩២ហិកតានិងដីព្រៃអារក្សមាន1ក្បាលដីស្មើនឹង៧.០៨១៤ហិកតា។ កន្លងមកមន្ទីរបានបញ្ចប់នីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បានចេញប័ណ្ណនិងចែកប័ណ្ណបាន ២៣ សហគមន៍ស្មើនិង ២២៥៥ គ្រួសារដែលមានប័ណ្ណសរុប៤៧៥ វិញ្ញាបនបត្រលើផ្ទៃដី២៤៥៥៥.៤៦០៩ហិកតា បាននឹងកំពុងស្នើសុំអនុបយោគចំនួន ៣ សហគមន៍គឺសហគមន៍ភូមិប៉ាតាង ឃុំសេសាន ស្រុកអូយ៉ាដាវ សហគមន៍ភូមិរៀងវិញ និងសហគមន៍ភូមិប៉ាងកិត ក្នុងឃុំតាវែងលើ ស្រុកតាវែងនិងបានបញ្ចប់ការវាស់វែងបាន ២សហគមន៍ គឺសហគមន៍ភូមិតាំងសេ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាសនិងសហគមន៍ភូមិទំពួនរឺងធំ ក្នុងឃុំតាវែងក្រោម ស្រុកតាវែង។

 ក្នុងឱកាសនោះ ឯកឧត្តមញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានចាត់ទុកបណ្ណកម្មសិទ្ធិដីធ្លីសមូហភាពថាជាឯកសារមួយដ៏សំខាន់ ជាឯកសារតំណាងឱ្យទ្រព្យសហគមន៍ទាំងមូល ជាឯកសារតំណាងឱ្យសិទ្ធិនៃកម្មសិទ្ធិផ្ដាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់និងអាស្រ័យផលជាក់ស្ដែងរៀងៗខ្លួន។ឯកឧត្តមបន្តថាការចុះបញ្ជីជាលក្ខណៈសមូហភាពគឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីនិងធនធានធម្មជាតិក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្តានុពលហើយពិតជាបានបញ្ចប់ជម្លោះក្នុងវិវាទដីធ្លីរវាងភូមិនិងភូមិជាពិសេសកាត់បន្ថយភាពក្រីក្រដែលជាគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលដែលមានចំពោះជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចគ្រឹងក្នុងភូមិល្អក់ ត្រូវចេះថែរក្សាឲ្យបានគង់វង្សនូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះដោយត្រូវមានសាមគ្គីភាពក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជីនិងប្រើប្រាស់ឲ្យមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕


dd
Bottom Ad