សម្ដេចក្រឡាហោម ស ខេង÷ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាឥស្លាម ចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ


ត្រលប់ក្រោយ

23/06/22 02:46 AM

ចំនួនទស្សនា៖

356

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាឥស្លាមចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានប្រគល់ភារកិច្ចនេះជូនឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន់ ហាសាន់ ដើម្បីរៀបចំសមាសភាពមន្រ្តីខ្មែរឥស្លាមក្នុងមុខតំណែងគណៈអភិបាលនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ការមានប្រសាសន៍លើកឡើងបែបនេះគឺនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចបន្តថា បើទោះបីជាកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយការអង្គការសម្ព័ន្ធពិភពឥស្លាម នៅមិនទាន់មានចំនួនច្រើនក្ដី ប៉ុន្តែ សម្ដេច បានសម្ដែងក្ដីសង្ឃឹមទៅថ្ងៃខាងមុខកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងកាន់តែមានការរីកចម្រើនថែមទៀត។ ដោយនៅកម្ពុជាការប្រតិបត្តិសាសនាឥស្លាមរបស់ពលរដ្ឋ ក៏កំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ក៏បានរំលឹកដែរថា កន្លងមក សម្ដេច ធ្លាប់បានទទួលជួប ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ដែលនៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញ សម្ដេច ទៅបំពេញទស្សនកិច្ច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដោយសម្ដេច បានស្វាគមន៍ និងថាការពន្យាពេលទស្សនកិច្ចនោះ គឺដោយសារស្ថានភាពកូវីដ-១៩។ តែទោះជាយ៉ាងណាបច្ចប្បន្ន គឺជាឱកាសសមស្របហើយសម្រាប់ភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយសារពីកម្ពុជាក៏មានសាសនិកឥស្លាម និងពលករធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងខាងសាសនា និងការងារដែរជាការ ការពារសន្តិសុខដល់ពួកគាត់ក៏ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ក្នុងជំនួបពិភាក្សានោះផងដែរ ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា ឯកឧត្តម ពិតជាមានភាពរីករាយយ៉ាងក្រៃលែងដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេស ឯកឧត្តម បានដឹងថា កម្ពុជាជាប្រទេសមានសុខដុមផ្នែកសាសនា មានការអត់ឱនឱ្យគ្នា និងមានការគោរពស្រលាញ់គ្នាទៅវិញទៅមក រួមទាំងសុខសន្តិភាពទៀតផង។ ឯកឧត្តម បានជួបជាមួយពលរដ្ឋខ្មែរជាសាសនិកឥស្លាម សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងបានចូលជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តម បន្តថា ទោះបីពលរដ្ឋកាន់សាសនាឥស្លាមនៅកម្ពុជាមានភាគរយតិច តែពួកគាត់មានយល់ដឹង និងរស់នៅយ៉ាងស្រុះស្រួលជាមួយពលរដ្ឋកាន់សាសនាផ្សេងទៀត៕


dd
Bottom Ad