គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម(គ ជ ប ទ) បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស


ត្រលប់ក្រោយ

29/06/22 02:30 AM

ចំនួនទស្សនា៖

606

ប្រភព៖

ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងវគ្គអប់រំផ្សព្វផ្សាយ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តពោធិ៍សាត់។



វគ្គអប់រំផ្សព្វផ្សាយខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួម ពីសំណាក់លោក ចេង ឡៃ អភិបាលខេត្តស្តីទី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលយុត្តិធម៌ជាច្រើនរូបទៀត។


គោលបំណង នៃការបើកវគ្គអប់រំផ្សព្វផ្សាយ គឺដើម្បីផ្តល់ការយល់ដឹង ដល់អ្នកមានសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬជនដែលអាចនឹងត្រូវបានដកហូតសេរីភាពសំដៅ ធានាបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្ម ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកលើជនដែលត្រូវបានដកហូតសេរីភាព ធានាឱ្យមានប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយឯករាជ្យ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូត សេរីភាព និងរំរូវអោយមន្រ្តីសាធារណៈជាអ្នកគ្រប់គ្រងជនជាប់ចោទ ឬអ្នកទោស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិ ។


នាឱកាសនោះឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បានលើកឡើងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានតួនាទីជាយន្តការបង្ការថ្នាក់ជាតិមួយ មានឯករាជ្យភាព នៅពេលបំពេញមុខងាររបស់ខ្លួន។ ជំហានថ្មីមួយទៀតដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព រួមមានពន្ធនាគារយោធា រាជធានី ខេត្ត ទាំង ផ្នែកព្យាបាលជនវិកលចរិក មណ្ឌលអប់រំកែប្រែស្តារនីតិសម្បទា សម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះអាសន្ន របស់នគរបាលយុត្តិធម៌ មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មណ្ឌលអប់រំព្យាបាលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ច និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន និងមណ្ឌលអប់រំផ្សេងៗទៀត។

ទាំងអស់នេះធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនទាំងនោះ ពីទារុណកម្ម ឬទណ្ឌកម្ម ដែលមានចរិកឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ។ ជាមួយនេះ សមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬជនដែលនឹងត្រូវបានដកហូតសេរីភាព ត្រូវបង្កើនការយល់ដឹងថែមទៀត ដើម្បីធានាបង្ការទប់ស្កាត់ ទៅនឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន និងធានាថាមន្ត្រីសាធារណៈ ជាអ្នកគ្រប់គ្រងមនុស្ស ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវ អនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមមនុស្សជាតិ ៕



dd
Bottom Ad