30/06/22 03:05 AM
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងតែងតែមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្តរបស់ខ្លួនរៀងរាល់ ៥ ឆ្នាំម្ដង។ ដើម្បីឱ្យមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំពីថ្នាក់ក្រោមដល់ថ្នាក់ខ្ពស់ដែលធ្វើយ៉ាងណាឱ្យមានការដឹកនាំប្រកបដោយភាពរីកចម្រើនលូតលាស់សម្រាប់ប្រទេសមួយ ហើយក៏ដើម្បីផ្ដល់សិទ្ធិដល់ពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដែលខ្លួនពេញចិត្តផងដែរ។
ដោយនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងស្ដីអំពីការកំណត់យកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាការបរិឆ្ឆែតនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពូរពេញដោយសមត្ថភាពនិងបទពិសោធន៍ដើម្បីនាំយកនៅប្រទេសមួយនេះឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់បន្ថែមទៀតលើគ្រប់វិស័យ ពិសេសគេធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធារនិងរីកចំរើនទៅមុខជាបន្តបន្ទាប់ទៀត។
គួររំលឹកផងដែរថា ការបោះឆ្នោតថ្នាក់ក្រោមជាតិដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានកន្លងផុតទៅរួចហើយកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយប្រជាពលរដ្ឋមានភាពសប្បាយរីករាយ បានចូលរួមទៅបោះឆ្នោតយ៉ាងច្រើនកោះករ និងត្រេកអរបំផុតដែលបានបញ្ចេញនូវសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងដែលខ្លួនពេញចិត្តតាមបណ្ដារឃុំនៃខេត្តនីមួយនីមួយ៕ អត្ថបទ: ប្រសិទ្ធ


