01/07/22 02:00 AM
កំពង់ស្ពឺ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២នេះ បានលើកឡើងថា «ត្រូវធ្វើឱ្យនគរបាល ទៅជានគរបាលរបស់ប្រជាពលរដ្ឋ កុំឱ្យពលរដ្ឋខ្លាចនគរបាល កែប្រែឱ្យប្រជាពលរដ្ឋ មានវប្បធម៌ស្រលាញ់ចូលចិត្ត និងជឿជាក់លើនគរបាលដែលជាអ្នកបំរើគាត់ ហើយនគរបាលក៏ចាត់ទុកពលរដ្ឋជាចៅហ្វាយដែលត្រូវបំរើសេវាជូន»។
ការមានប្រសាសន៍បែបនេះ គឺនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង នៅក្នុងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣ នាខេត្តកំពង់ស្ពឺ។ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងតួនាទីរបស់នគរបាលជាតិ និងបានសង្កត់ធ្ងន់ថា «នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីក្រោមដល់លើ ហើយមិនមែនតែកម្ពុជាទេ ប្រទេសណាក៏ដូចគ្នា»។
សម្ដេចបានបានមានប្រសាសន៍បន្ថែមទៀតថា ការងារអ្វីក៏ថ្លៃថ្នូរដែរ មានតែមនុស្សទេដែលមានភាពថ្លៃថ្នូ និងមិនថ្លៃថ្នូរ។ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ ទៅធ្វើអំពើផ្ដេសផ្ដាសក៏មានដែរ។ ដូច្នេះនគរបាលជាតិ ដែលកំពុងសិក្សា និងបានប្រលងចេញចូលក្របខណ្ឌជាប់ជាមន្ត្រីនគរបាលបំរើជាតិ ត្រូវបម្រើពលរដ្ឋ មានក្រមសីលធម៌ វិន័យ និងរក្សាសេចក្តីថ្លៃថ្នូរឱ្យបានខ្ជាប់ខ្ជួន ទើបជាមន្ត្រីដែលប្រទេសជាតិត្រូវការ៕ អត្ថបទ: ប្រសិទ្ធ