28/07/22 03:07 AM
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនំាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២២ ទិសដៅការងារខែបន្ទាប់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តអភិបាលរងខេត្ត តំណាងលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាលក្រុង/ស្រុក កម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ លោកប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកង កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេសកិច្ចការចំពោះ មុខ ឯកឧត្តម ជំរុញបន្ថែមដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ បន្តសកម្មភាពរបស់ខ្លួន ក្នុងការធ្វើយ៉ាងឲ្យមានអនុវត្តន៍តាមផែនការ សកម្មភាព ដែលដាក់ចេញឲ្យអនុវត្តន៍តាមខែនីមួយៗផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ បណ្តាមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការ អភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធនៅតាមមូលដ្ឋានក្រុង ស្រុក ដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ ព្រមទាំងដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតប ទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន៕





