08/09/22 06:13 AM
ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅខេត្តស្ទឹងត្រែង។
ឯកឧត្តមមានប្រសាសន៍លើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការក្នុងការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន រហូតមកដល់ពេលនេះ គឺមានរយៈពេលជិត ៣ខែហើយ ដែល ប.ស.ស. បានចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនជូនដល់បងប្អូនដែលកំពុងបំពេញការងារក្នុងវិស័យឯកជនទាំងអស់ ដែលគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១លាននាក់ហើយ ដែលក្នុងនោះមានបងប្អូនកម្មករនិយោជិតជាស្រ្តីសរុបប្រមាណជាង ៧០ម៉ឺនាក់ ទទួលបានការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមថ្មីមួយនេះ។
ក្នុងនោះដែររបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនដ៏ល្អមួយនេះ គឺអាចជួយគាំពារដល់បងប្អូនជាសមាជិក ប.ស.ស. ទាំងអស់ រហូតឈានដល់វ័យចំណាស់ ដែលពួកគាត់ទាំងអស់នឹងទទួលបាននូវប្រាក់ចូលនិវត្តន៍ប្រចាំខែ ជាមួយនឹងការទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ ដែលនេះសបញ្ជាក់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ៗរូប ពិសេសបងប្អូនកម្មករនិយោជិត។
ខេត្តស្ទឹងត្រែង គឺជាខេត្តទី២៣ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។ ដែលស្ថិតនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ខេត្តស្ទឹងត្រែងក៏មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបម្រើការងាលើវិស័យផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះ រោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ១០៧ បានចុះបញ្ជីមកក្នុង ប.ស.ស. និងមានបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៧២៤ នាក់ (ស្រ្តីចំនួន ១ ៣៥៥នាក់) បានក្លាយជាសមាជិក ប.ស.ស. ដែលកំពុងនឹងទទួលបានការប្រើប្រាស់សេវាដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស. ក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ។
គួរជម្រាបផងដែរថា គោលនយោបាយដ៏ល្អបំផុត ដែលប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននាពេលនេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ។ និងបន្តការងារនេះជាបន្តទៀតឲ្យបានចប់ចង់ៗដើមនិងប្រកបទៅដោយកិត្យានុភាពផងដែរ៕ អត្ថបទ: ប្រសិទ្ធ




