29/09/22 04:38 AM
កំពង់ធំ៖ បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងតំបន់មួយចំនួននៃខេត្តកំពង់ធំរងការជន់លិច និងត្រូវបានប្រកាសស្ថិតនៅក្នុងស្ថានភាពឱ្យប្រុងប្រយ័ត្នលើកទី៤ អភិបាលខេត្តកំពង់ធំ ឯកឧត្ដម ងួន រតនះ បានឱ្យដឹងថា លោក និងក្រុមការងារបានចុះជួយសម្រួលចរាចរណ៍ និងផ្ដល់ជូនជាស្បៀងដល់ប្រជាពលរដ្ឋដែលខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀង។
តាមការឲ្យដឹងន្ថែម បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានបន្ដចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន ៣ ដែលរួមមាន ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្ក ។ បន្ថែមលើនេះ លោកនិងក្រុមការងារ ក៏បាននឹងកំពុងបន្ដជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅតាមតំបន់ មួយចំនួនទៀតផងដែរ រួមនិងការសម្រួលចរាចរណ៍មួយចំនួន។
យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ប្រទេសកម្ពុជានឹងបន្ដទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ( NoRu) ដែលព្យុះនេះនឹងទៅដល់ប្រទេសវៀតណាមនៅវេលាម៉ោង ១យប់ ថ្ងៃទី២៨ ខែកញ្ញា។ បន្ទាប់មក កម្ពុជានឹងទទួលរងឥទ្ធិពលបន្ដពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ បន្ថែមលើនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យសាធារជន និងអាជ្ញាធរដែនដី បន្ដប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះ។
គួរបញ្ជាក់ជូនថា ប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រ ឃុំប្រឡាយ ខេត្តកំពង់ធំ បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេ ដែល បណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន និងហូរកាត់ ផ្លូវជាតិលេខ N៦ នៅចន្លោះគីឡូម៉ែត្រលេខ ២៣៤ និង២៣៥ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ៕


