កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី១ធ្នូ ឆ្នាំ២០២២នេះ


ត្រលប់ក្រោយ

03/11/22 01:00 AM

ចំនួនទស្សនា៖

355

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដែលរំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ។ នេះបើតាមប្រសាសន៍របស់ តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។


ថ្លែងនៅក្នុង«ពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)» នាថ្ងៃទី២ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយកមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ចូលជាធរមាននៅដើមខែក្រោយនេះ ខណៈ កម្ពុជាក៏កំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងទៀតផងដែរ។


ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម MOON Jae-In អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។


កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន ១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខាជាផ្លូវការ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមានកាលខែមករា ឆ្នាំ២០២២ ខណៈកម្ពុជាក៏មានកិច្ចព្រមព្រៀង RCEP ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។


ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ នឹងជួយលើកគុណតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ដែលនឹងផ្តល់នូវភាពងាយស្រួលដល់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទៀត។


យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជ រវាងកកម្ពុជា និងប្រទេសកូរ៉េខាងត្បូង មានតម្លៃជាង៦០០លានដុល្លារ កើនឡើង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានតម្លៃ១៧៥លានដុល្លារ កើនឡើង២១% និងនាំទំនិញពីកូរ៉េមកវិញក្នុងតម្លៃ ៤២៦ ថយចុះ៣%៕



dd
Bottom Ad