22/11/22 02:32 AM
ភ្នំពេញ៖ សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំ២០២២នេះ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងអប់រំ នឹងមិនតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ បេក្ខជនមុនចូលប្រឡងឡើយ ។ នេះបើតាមប្រសាសន៍ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានថ្លែងនៅសន្និសីទសារព័ត៌មានស្តីពី«ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមបន្តថា ចំពោះអ្នកសង្ស័យថា ខ្លួនមានជំងឺកូវីដ១៩ សូមធ្វើតេស្តដោយខ្លួនឯង ប្រសិនរកឃើញថាឆ្លងជំងឺនេះ ជូនដំណឹងមកប្រធានមណ្ឌល ដើម្បីឱ្យប្រធានមណ្ឌលរៀបចំបន្ទប់ប្រឡងដាច់ដោយឡែកសម្រាប់ពួកគេ។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវឲ្យបេក្ខជនតាមដានសុខភាពខ្លួនឯង ហើយពាក់ម៉ាសឲ្យបានជាប្រចាំទាំងបេក្ខជន និងមេប្រយោគ ព្រមទាំងបន្តអនុវត្តនូវវិធានការការពារ ជំងឺកូវីដ១៩ ដើម្បីបង្ការការរីករាលដាលនៅពេលប្រឡង។
ឯកឧត្តមបន្ថែមថា៖«នៅក្នុងការប្រឡងឆ្នាំនេះ ក្រសួងនឹងអនុវត្តទៅតាមស្តង់ដាររបស់ក្រសួងក្នុងការគ្រប់គ្រងជំងឺកូវី១៩ គឺមានន័យថា យើងនឹងមិនមានការធ្វើតេស្តមួយថ្ងៃមុនទេ ប៉ុន្តែអំពាវនាវសូមឱ្យបេក្ខជនទាំងអស់ ត្រូវពិនិត្យមើលសុខភាពរបស់ខ្លួន ដោយខ្លួនឯង ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាក្តៅខ្លួន ឈឺក្បាលក្អក ដែលអាចជារោគសញ្ញានៃជំងឺកូវីដ សូមធ្វើតេស្តជាមុនដោយខ្លួនឯង ហើយជូនដំណឹងដល់ប្រធានមណ្ឌលប្រឡង គឺយើងនឹងរៀបចំជាបន្ទប់ជាពិសេសមួយសម្រាប់ឱ្យបេក្ខជនអាចចូលរួមប្រឡងបាន ហើយមិនបង្កើតជាហានិភ័យដល់បេក្ខជនផ្សេងទៀត ម្យ៉ាងវិញទៀតបេក្ខជនត្រូវពាក់ម៉ាសជាប្រចាំ ដើម្បីបន្តការពារសុវត្ថិភាពលោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មការ មេប្រយោគ និងគណៈកម្មការផ្សេងៗទៀត»។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន ២២១ ត្រូវជា ៥ ២២៧បន្ទប់៕

