30/11/22 03:43 AM
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមានប្រសាសន៍លើកឡើងថា ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលជាប្រភេទស្មាតកាត (Smart Card) និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៊ីវិលដោយផ្សារភ្ជាប់នឹងកម្មវិធីក្នុងទូរស័ព្ទឆ្លាតវៃ (Mobile App) ក៏ជាគាំទ្រដល់គោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ការមានប្រសាសន៍លើកឡើងបែបនេះគឺនៅក្នុងឱកាសដល់ឯកឧត្តមអញ្ជើញបើកកិច្ចប្រជុំ និងបានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំស្តីពី បែបបទ នីតិវិធីសម្រាប់ការគ្រប់គ្រង ការបោះពុម្ព ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល។ នៅក្នុងពិធីនោះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគាវីង សរុបមានអ្នកចូលរួមចំនួនប្រមាណជាង ៥០០នាក់។ ដែលការប្រជុំពិភាក្សា និងផ្សព្វផ្សាយធ្វើឡើងនាពេលថ្មីៗនេះ នៅទ្រឹស្ដីការក្រសួងមុខងារសាធារណៈ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អរបស់ធនាគារដៃគូ មានធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគាវីង ដែលបានគាំទ្រ ក្នុងការបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីជូនមន្រ្តីរាជការស៊ីវិលទូទាំងប្រទេសដោយឥតគិតថ្លៃ។ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលនិងផ្តល់ជូនមន្រ្តីរាជការបានប្រើប្រាស់ ចាប់ពីដើមឆ្នាំ២០២៣ ខាងមុខតទៅ។
គួរបញ្ជាក់ផងដែរ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការរៀបចំបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីនេះ គឺជាកិច្ចការមួយដែលចូលរួមគាំទ្រដល់គោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអាចនាំមកនូវផលប្រយោជន៍ ដល់មន្ត្រីរាជការ ក៏ដូចជាប្រយោជន៍សាធារណៈទូទៅ។ អត្តសញ្ញាណប័ណ្ណនេះ អាចអនុញ្ញាតឱ្យមន្រ្តីរាជការប្រើប្រាស់ធ្វើជាបណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM)សម្រាប់ដកបៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត៕ អត្ថបទ: ប្រសិទ្ធ