13/12/22 06:19 AM
កោះកុង៖ គណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកចំនួន២១ប្រទេសបានធ្វើដំណើរតាមផ្លូវទឹកទៅទស្សនកិច្ចនៅព្រៃកោងកាងពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការទទួលស្វាគមន៍ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រដ្ឋបាលស្រុកមណ្ឌលសីមា កម្លាំងប្រដាប់អាវុធ និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសហគមន៍នេសាទតំបន់ឆ្នេរពាមក្រសោប។
ដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលរបស់ប្រតិភូក្លិបឆ្នេរ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ គឺធ្វើឡើងក្នុងឱកាសមហាសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅខេត្តព្រះសីហនុ។
ប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះមានចំនួនសរុបប្រមាណ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ដែលមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត មកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំឱ្យមានទស្សនកិច្ចជូនគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនេះ ដើម្បីឱ្យប្រតិភូក្លិបឆ្នេរបានសិក្សាស្វែងយល់ និងចុះទៅឃើញដោយផ្ទាល់ពីតំបន់ព្រៃកោងកាង ដែលជាជម្រកមច្ឆាជាតិដ៏ធំ និងជាព្រៃកោងកាងដ៏ធំជាងគេនៅក្នុងតំបន់អាស៊ី អមជាមួយទេសភាពដ៏ស្រស់បំព្រងនៃតំបន់ព្រៃកោងកាងរបស់កម្ពុជា៕