26/12/22 08:52 AM
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បើកការដ្ឋានសាងសង់ពុទ្ឋបដិមាខ្ពស់ជាងគេលើពិភពលោក នៅភ្នំបូកគោ នៅថ្ងៃទី៤ មករា ឆ្នាំ២០២៣ខាងមុខនេះ។
ពុទ្ឋបដិមានេះ មានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះគិតចាប់តាំងពីបល្លាំងខាងក្រោម រហូតដល់ចុងកេសារបស់ពុទ្ឋបដិមា ដែលនឹងត្រូវចំណាយរយៈពេលសាងសង់ចំនួន៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយប្រាក់ ចន្លោះពី៣០ទៅ៤០លានដុល្លារអាមេរិក។
អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ ថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែ លនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ៕