27/12/22 01:16 AM
ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូបក្រោយប្រកាសនៅលើបណ្ដាញសង្គម តិកតុក (TikTok) អួតថាខ្លួនមានផ្លាកចេញចូលអគ្គស្នងការរដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ នៅពេលនេះត្រូវបានដកបញ្ចូលជើង។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។
មន្ដ្រីនគរបាលរដ្ឋបាលទឹកថ្លាម្នាក់ បានបង្ហោះប័ណ្ណសម្គាល់ផ្លាកចេញ-ចូល អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ មានគណនេយ្យ តិកតុក (TikTok) ឈ្មោះថា Tik Tok Fan Dy 9828 ដែលបានបង្ហោះខ្លឹមសារ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ ភ្លាមៗក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។
គូបញ្ជាក់ថា លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោក ពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួត ដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើង រយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ ស្របតាមគោលការណ៍ច្បាប់សម្រាប់មន្ត្រីនគរបាលជាតិ ០០៦៕ អត្ថបទ: ប្រសិទ្ធ