សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់


ត្រលប់ក្រោយ

28/12/22 01:18 AM

ចំនួនទស្សនា៖

277

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង នៅទីស្តីការក្រសួងរៀបចំដែនដី។


នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ដូចជា ៖ សូមបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។


សម្ដេចតេជោ បន្ដថា ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។


សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ត្រូវបន្តពង្រីកវិសាលភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ដោយផ្កាយរណប សម្រាប់ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានទូទាំងប្រទេស។


គួរបញ្ជាក់ថា ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ហើយនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង ដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។


សូមជម្រាបជូនដែរថា ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើនលើការងារចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដីធ្លី ការងាររៀបចំដែនដី និងនគររូបនីយកម្ម ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការងារសម្បទានដីសង្គមកិច្ច និងការងារអភិវឌ្ឍលំនៅឋាន ចូលរួមពង្រឹងភាពសុខដុមរមនាក្នុងសង្គម បង្កើតចលករ និងបរិយាកាសល្អ សម្រាប់ធុរកិច្ច និងការវិនិយោគ ជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំនយោបាយសាធារណៈ និងផែនការសកម្មភាពរបស់ខ្លួន បានច្បាស់លាស់ ព្រមទាំងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា



dd
Bottom Ad