សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន ចូលជួបសម្តែងការគួរសម ទទួលអនុសាសន៍ណែនាំ និងជម្រាបលា


ត្រលប់ក្រោយ

28/12/22 04:16 AM

ចំនួនទស្សនា៖

312

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ចូលជួបសម្តែង ការគួរសម ទទួលអនុសាសន៍ណែនាំ និងជម្រាបលា មុនឯកឧត្តមចេញទៅបំពេញតួនាទីជា អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិ ៥ឆ្នាំ (២០២៣-២០២៧) នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានមោទកភាព និងកោតសរសើរចំពោះ ឯកឧត្តម ដែលជាកូនខ្មែរមួយរូបដំបូងគេ ដែលបានទទួលនូវ មុខតំណែងដ៏មានសារៈសំខាន់នេះ ហើយសង្ឃឹមថា ឯកឧត្តមនឹងបំពេញតួនាទីជា អគ្គលេខាធិការអាស៊ាន ទទួលបានជោគជ័យ ក្នុងបេសកកម្ មក៏ដូចជាដើម្បីលើកស្ទួយកិត្យានុភាពរបស់ជាតិយើង។


សម្តេចបានគូសបញ្ជាក់ថា តួនាទីជាអគ្គលេខាធិការអាស៊ាន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះតួនាទីនេះ ជាក្បាលម៉ាស៊ីន បម្រើឱ្យអង្គការ តំបន់ដ៏ធំមួយនេះ ដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជារៀងរហូតមក។ សម្តេចមានជំនឿថា ជាមួយនឹងបទពិសោធន៌ទូលំទូលាយ ឆន្ទៈដ៏មោះមុត និងភាពឈ្លាសវៃរបស់ ឯកឧត្តម ព្រមទាំងមានកិច្ចសហការ និងការគាំទ្រ ពីសហការី នៃលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម នឹងអាចសម្រេចបាននូវបេសកកម្មរបស់ខ្លួន ជាពិសេស ការឈានទៅអនុវត្ត ដោយជោគជ័យនូវគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ របស់អាស៊ាន។


ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការបង្កើតឡើងជាង៥០ឆ្នាំមកនេះ អាស៊ាន គឺភាគច្រើន ផ្តោតទៅលើការងារចាត់ចែង របស់រដ្ឋាភិបាល។ ដូចនេះ គួរពិនិត្យលទ្ធភាព ក្នុងការពង្រឹង និងលើកកម្ពស់អន្តរកម្មរវាងអាស៊ាន និងអន្តរសភាអាស៊ាន(AIPA) ដែលជាស្ថាប័ន តំណាងឱ្យប្រជាពលរដ្ឋអាស៊ាន ឱ្យកាន់តែជិទសិ្នទ្ធ កាន់តែសកម្ម និងរស់រវើកបន្ថែមទៀត។


ឯកឧត្តម កៅ គឹមហួន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការី បានចូលជម្រាបលា និងទទួលអនុសាសន៍នាឱកាសនេះ។ ឯកឧត្តមសន្យាថានឹងយកអនុសាសន៍ណែនាំរបស់សម្តេច ទៅអនុវត្តការងារអោយទទួលបាន ជោគជ័យ៕



dd
Bottom Ad