28/12/22 05:21 AM
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនទៅកាន់ស្ថាប័នតុលាការ ឲ្យធ្វើការពិនិត្យអង្គហេតុ និងសំណុំរឿងឲ្យបានច្បាស់លាស់ មុនឈានដល់ការឃាត់ខ្លួនមនុស្សណាម្នាក់។ បើរឿងជាប្រភេទរឿងរដ្ឋប្បវេណីត្រូវហៅទៅបំភ្លឺសួរនាំឲ្យបានត្រឹមត្រូវ មិនមែនធ្វើតាមតែទំនើងចិត្ត មិនមានការស៊ើបច្បាស់លាស់ អាងចាប់អាងចង ឬឃាត់ខ្លួននោះទេ។
ការមានប្រសាសន៍លើកឡើងនិងបញ្ជាក់ទៅកាន់ស្ថាប័នតុលាការរបស់សម្ដេចតេជោ ធ្វើឡើងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចសង្កត់ធ្ងន់ថា សម្តេចទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបញ្ជាតុលាការ ក្រោយពីមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថា បានចូលរួមឆបោកក្នុងទឹកប្រាក់ ៣៦លានដុល្លារ។ ចំពោះករណីនេះ សម្តេចក៏បានចេញមុខធានាបុគ្គលរូបនោះឱ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្នសិន ហើយសម្ដេចក៏បានឲ្យមេធាវីរបស់សម្ដេចទៅការពារក្តីចំពោះបុគ្គលដែលជាបុគ្គលិកទូរទស្សន៍បែកយ័ន្តនោះ។ ហើយសម្ដេចក៏តាមដានមើលនៅរឿងរ៉ាវនេះដែរ ព្រោះសម្ដេចចង់ដឹងថាតើរឿងនេះវាពិតឬក៏យ៉ាងណា។
សម្ដេចបន្ថែមទៀតថា ការធ្វើការងារបែបតុលាការដូចសព្វថ្ងៃនេះ ធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិអាចយល់ច្រឡំមកលើរដ្ឋាភិបាល ពិសេសគឺសម្ដេចតេជោ។
សម្ដេចថា «ពួកយើងហ្នឹង កុំប្រញាប់ប្រញាលចាប់លឿនពេកបានទេ ខ្ញុំសូមអង្វរ បើអស់លោកធ្វើតែអញ្ចឹង តើក្នុងគុកយកទៅដាក់កន្លែងណា រួចហើយទៅគាបគ្នាសួរចម្លើយ»។ សម្ដេចនៅតែមានការងឿងឆ្ងល់ថា «ចុះបើមាន ៣៦លានដុល្លារ តើចាំបាច់ទៅវេទនា អានព័ត៌មាននៅទូរទស្សន៍បាយ័នធ្វើអ្វី អញ្ចឹងបានថា រឿងអញ្ចឹងៗ យើងមើលផងទៅមើល កុំអាងតែមានអំណាចកុំអាងតែមាននេះ ចេះតែចាប់ចេះតែចងចាប់ចងៗ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី ម្ខាងត្រូវគេចោទថា អាងតែរដ្ឋបាលចាប់ តែតុលាការវាអ្នកបញ្ជាចាប់»។
សូមជម្រាបថា បុគ្គលិកផ្នែកព័ត៌មានរបស់ទូរទស្សន៍បាយ័ន ដែលសម្ដេចតេជោបានឲ្យមេធាវីទៅធានាឱ្យនៅក្រៅឃុំ និងបន្តការពារក្តីឲ្យនោះ ត្រូវបានអ្នកឧកញ៉ាម្នាក់ ចោទប្រកាន់ពីបទបានចូលរួមបោកប្រាស់ ប្រាក់រាប់សិបលានដុល្លារ ខណៈដែលអ្នកព័ត៌មានរូបនោះ រកតែបាយហូបសឹងមិនបានផង។ សម្ដេចបញ្ជាក់ទៀតថា ក្នុងពេលដែលគេចាប់ខ្លួនបុគ្គលិកបាយ័ននោះ ក៏មានមេធាវីទៅបង្កាប់ទារលុយប្រពន្ធរបស់គាត់ចំនួន ៥ពាន់ដុល្លារថែមទៀត ខណៈដែលគ្នាមិនមានលុយឡើយ។ សម្ដេចក៏បានបញ្ជាឲ្យឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមដានរឿងនេះឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ពស់បំផុតព្រោះ សម្ដេចក៏ចង់ដឹងរឿងនេះឲ្យច្បាស់លាស់ផងដែរ៕ អត្ថបទ: ប្រសិទ្ធ