29/12/22 02:15 AM
ភ្នំពេញ៖ កម្ពុជាមានប្រវត្តិដ៏ជូរចត់ស្ទើរតែមិនអាចទទួលយកបាន ដោយបានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយពេលនៃការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ភ្លើងសង្គ្រាមដែលបង្ករឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញ និរាស្ត្រព្រាត់ប្រាស់ គ្រួសារបែកបាក់គ្នា ស្លាប់មនុស្សរាប់លាននាក់ និងបានធ្វើឲ្យកម្ពុជាស្ទើរក្លាយជាផេះផង់ទៅហើយ។
ប៉ុន្តែជាសំណាងរបស់កម្ពុជា ដោយមានកលបុត្រខ្មែរដែលជាស្ថាបនិក បានលះបង់កម្លាំងកាយចិត្តនិងអាយុជីវិត នៅក្នុងការប្រើយោបាយឈ្នះឈ្នះ សាមគ្គីជាធ្លុងមួយ បានរំដោះជាតិកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមដល់និរាស្ត្រខ្លោចផ្សារនេះបានដោយជោគជ័យ និងបានធ្វើឲ្យកម្ពុជាចាកចេញឆ្ងាយពីភ្លើងសង្គ្រាមដ៏ឈឺចាប់ខ្លោចផ្សារនេះជាបន្តបន្ទាប់ រហូតដល់បានបញ្ចប់សង្គ្រាមជាស្ថាពរនៅឆ្នាំ ១៩៩៨។
ដើម្បីអបអរសាទរខួប ២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងការពារជាតិ បានរៀបចំពិធីជួបជុំដ៏មហោឡារិកមួយ ស្ថិតនៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ពិធីអបអរសាទរថ្ងៃបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋសរុបជិត ៥ពាន់នាក់។
អ្វីដែលពិសេសវិសាលជាងនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ក៏បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេច ចូលអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ។ សម្ដេចបន្ថែមថា «នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព»។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបផ្សេងទៀតនៅក្នុងការចូលរួមបញ្ចប់នៅភ្លើងសង្គ្រាមដោយនយោបាយឈ្នះឈ្នះនេះ។ អត្ថបទ: ប្រសិទ្ធ