29/12/22 08:16 AM
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឲ្យរៀបចំតំបន់ខាងកើតនៃវិមានឈ្នះ-ឈ្នះ ទៅជាតំបន់មួយដែលមានទិសដៅបង្កើតជាសួនបៃតង និងស្រះធម្មជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងបែបនេះធ្វើឡើងក្នុង ពិធិអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ នៅវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា ក៏បានជំរុញឲ្យដំណើរការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានានា ឱ្យបានសកម្ម និងមមាញឹកតាមការកំណត់ចំនួន ៥៥ទីតាំង ដែលក្រុមការងារកំពុងបន្តរៀបចំអនុក្រឹត្យតាមនិតិវិធីជាមួយស្ថាប័នពាក់ព័ន្ធ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចូលរួមចំណែករៀបចំកិច្ចការទាំងនេះ ឱ្យក្លាយជាបេតិកភណ្ឌជាតិ និងតំបន់អន្តរជាតិ តាមលក្ខណៈវិនិច្ឆ័យ។
សម្តេចពិជ័យសេនា បានមានប្រសាសន៍ថា ដំណើរការរៀបចំតំបន់ខាងកើតនៃវិមានឈ្នះ-ឈ្នះ ទៅជាតំបន់មួយដែលមានទិសដៅបង្កើតជាសួនបៃតង និងស្រះធម្មជាតិ សម្រាប់បង្កើនសោភណ្ឌភាពនៅទីតាំងវិមានឈ្នះ-ឈ្នះ និងរក្សាបានការផ្សារភ្ជាប់ស្ថាបត្យកម្ម និងធម្មជាតិបៃតង សម្រាប់តំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ។
ការបង្កើតគោលដៅទេសចរណ៍ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា គឺជាគោលដៅ១ ក្នុងចំណោមគោលដៅ៥ ចំពោះការស្ថាបនាវិមានឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងស្ដូបវិមានឈ្នះ-ឈ្នះ នៅតាមខេត្តនានា៕