ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា


ត្រលប់ក្រោយ

19/01/23 07:01 AM

ចំនួនទស្សនា៖

336

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។


នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ានេះ កន្លងមកបានបើកកិច្ចប្រជុំពិនិត្យ និងភាក្សាជាច្រើនលើករួចមកហើយ នៅថ្ងៃនេះដែរ អង្គប្រជុំនឹងបន្តពិនិត្យពិភាក្សាទៅលើឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែក និងខ្សែក្រវ៉ាត់សម្រាប់គោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ានៃព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តម ប៊ុន ហុន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានជួយជ្រោមជ្រែង ក្នុងការរៀបចំនូវឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ា ដោយឯកឧត្តម បានបញ្ជាក់ថា ព្រះរាជ្យក្រឹត្យនេះមានភាពចាំបាច់ចំពោះជាតិ គឺ ទី១ដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ ហើយទី២ ធានានូវតម្លៃ នៃការប្រើប្រាស់មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់ ហេតុដូចនេះហើយបានជារាជរដ្ឋាភិបាលណែនាំឱ្យមានការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ានេះឡើង។


សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ដែលកំពុងដំណើរការពិនិត្យពិភាក្សានេះ មាន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា



dd
Bottom Ad