20/01/23 06:18 AM
ភ្នំពេញ៖ ដើម្បីរក្សាបាននូវតំបន់ទេសចរណ៍ពោរពេញដោយធម្មជាតិបៃតង និងដើម្បីជាការស្រូបទាញបន្ថែមទៀតនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យកាន់តែមានកំណើនកើនឡើងបន្ថែមទៀត ក្រោយពីវិបត្តិជំងឺកូវីដ-19 ផងនោះ ក្រសួងទេសចរណ៍បន្តផ្សព្វផ្សាយអំពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិសេសចរណ៍ ខណៈដែលបច្ចុប្បន្ននេះទេសចរណ៍ជាតិ និងអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។
ដែលកម្មវិធីនៃការផ្សព្វផ្សាយបានធ្វើឡើងនាពេលថ្មីៗនេះ ដោយក្រសួងទេសចរណ៍បានដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពី "ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី" ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងការពារវិស័យទេសចរណ៍ពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ក៏ដូចជាបន្ថែមគុណប្រយោជន៍ដល់វិស័យទេសចរណ៍។
តាមការឲ្យដឹងពីលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “ក្រសួងទេសចរណ៍មានការគិតគូរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ និងបានធ្វើការងារជាច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់នេះមកដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការកសាងវិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី”។
មិនត្រឹមតែធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ក្រសួងទេសចរណ៍ បានលើកទឹកចិត្តឲ្យចូលរួមអនុវត្តទាំងអស់គ្នា ដែលក្នុងនោះក្រសួងទេសចរណ៍ក៏ធ្លាប់បានផ្តល់ជូនពាន និងបណ្ណសរសើរដល់បណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីផងដែរ។
តាមរយៈការខិតខំផ្សព្វផ្សាយជាជំហានៗ និងជាបន្តបន្ទាប់របស់ក្រសួងទេសចរណ៍នេះ បានធ្វើឲ្យឆ្នាំ ២០២២ កម្ពុជាបានទទួលគ្នាទេសចរណ៍មានការកើនឡើងគួរឲ្យកត់សម្គាល់។ តាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២.២៨ លាននាក់ កើនឡើងចំនួន ១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងរួមមាន៖
១. ទេសចរជាតិប្រមាណ ១៣.៩៣ លាននាក់ កើនឡើង ១៩៩%
២. ទេសចរបរទេសប្រមាណ ១.៨៨ លាននាក់ កើនឡើង ៥៧២%
គូសបញ្ជាក់ថា ការកើនឡើងនៃភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនេះផងដែរក៏ជាការចូលរួមចំណែកនៃគោលដៅរបស់ក្រសួងទេសចរណ៍នៅក្នុងការកាត់បន្ថយតំបន់ទេសចរណ៍គ្មានផ្សែងបារី។ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មើលឃើញពីផាសុខភាពនិងភាពស្រស់បំព្រងនៃបៃតងធម្មជាតិ នៅតាមតំបន់ទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ: ប្រសិទ្ធ











