អគ្គនាយកដ្ឋាន ក.ប.ប ផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងបទប្បញ្ញត្តិពាក់ព័ន្ធ


ត្រលប់ក្រោយ

16/02/23 05:03 AM

ចំនួនទស្សនា៖

553

ប្រភព៖

ភ្នំពេញ

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប.ប នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំធ្វសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងបទប្បញ្ញត្តិពាក់ព័ន្ធ ដោយមានបទបង្ហាញសំខាន់ៗចំនួន២ គឺ ទី១. ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់គាំទ្រ និងលើកម្ពស់ដល់ធុរកិច្ច និងទី២. អនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។


សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដម ឌឹម ថេង អគ្គនាយករង តំណាងឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រុមហ៊ុន តំណាងស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ មានដូចជា៖ ទី១. ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មទូទៅ ទី២.ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងគ្រឿងសម្អាងនិងអាហារបំប៉ន ទី៣. ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងផលិតផលទឹកដោះគោ ទី៤. ស្ថានីយ៍ទូរទស្សន៍គ្រប់ប្រភេទ និងទី៥. ស្ថានីយ៍វិទ្យុគ្រប់ប្រភេទ។


ថ្លែងក្នុងពិធីបើក ឯកឧត្ដម ឌឹម ថេង អគ្គនាយករង ក.ប.ប. បានលើកឡើងថា សិក្ខាសាលានេះបានរៀបចំឡើងដោយមានគោលបំណងផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ អនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងបទប្បញ្ញត្តិពាក់ព័ន្ធ ឱ្យកាន់តែទូលំទូលាយជូនដល់លោក លោកស្រី ជាតំណាងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម តំណាងស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ដើម្បីជ្រាបច្បាស់ពីគោលបំណង គោលដៅ វិសាលភាព យន្តការ បែបបទនិងនីតិវិធី ព្រមទាំងលក្ខខណ្ឌតម្រូវនានាដែលបានចែងនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលក្នុងនោះផ្ដោតសំខាន់ទៅលើការធានាការពារអ្នកប្រើប្រាស់ពីផលប៉ះពាល់ទាំងផ្នែកសុខភាពនិងផលប្រយោជន៍សេដ្ឋកិច្ចបណ្ដាលមកពីការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលមានលក្ខណៈមិនត្រឹមត្រូវ និងខ្វះការទទួលខុសត្រូវ។


សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខាដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈព្រះរាជក្រមលេខ នស/រកម/១១១៩/០១៦ និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា លេខ ២៣២ អនក្រ.បក ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២៕



dd
Bottom Ad