23/03/23 05:32 AM
ព័ត៌មានជាសំឡេង
តាកែវ ៖ នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានឱ្យដឹងថា ការបើកវគ្គផ្សព្វផ្សាយ នាពេលនេះ គឺមានគោលបំណង ដើម្បីពង្រឹងការគ្រប់គ្រងជនបរទេស ដែលមកប្រកបរបរ និងបំរើការងារ នៅកម្ពុជា ពិសេសនៅខេត្តតាកែវ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន សំដៅកាត់បន្ថយជាអតិបរិមា និងឈានទៅរកការលុបបំបាត់ នូវការប្រើប្រាស់ហត្ថពលកម្មបរទេស មិនស្របច្បាប់ នៅតាមគោលដៅ ឬទីតាំងអាជីវកម្មនានា និងដើម្បីរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សងៗទៀត សំដៅចូលរួមចំណែកថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម បានគាំទ្រដល់ផែនការសកម្មភាព ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
ឯកឧត្តម អភិបាលខេត្តតាកែវ បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមគ្នាអនុវត្តផែនការសកម្មភាពនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអំពាវនាវដល់កម្មករ និយោជិតបរទេស និយោជក នៃរោងចក្រសហគ្រាស ក្នុងមូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ



