ឯកឧត្តមបណ្ឌិត អ៊ិត សំហេងអញ្ជើញសម្ពោធក្រុមហ៊ុនផលិតស្បែងជើងមួយនៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ៦.៤លានដុល្លារ


ត្រលប់ក្រោយ

20/06/23 04:55 AM

ចំនួនទស្សនា៖

324

ប្រភព៖

កំពង់ស្ពឺ

ព័ត៌មានជាសំឡេង

(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុនផលិតស្បែកជើងមួយឈ្មោះ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៤លានដុល្លារអាម៉េរិក។


លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។


ឯកឧត្តមបណ្ឌិត អ៊ិត សំហេងបានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរនោះ។


ឯកឧត្តមបណ្ឌិតបានកោតសរសើរររដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ដែលកន្លងមកបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទាក់ទាញវិនិយោគទុនឱ្យបង្កើតរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ក្លាយទៅទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ។


ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកពីអនុសាសន៍ទាំង១០របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពាក់ព័ន្ធនឹងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារបបសន្តិសុខសង្គម។


ឯកឧត្តមបណ្ឌិត អ៊ិត សំហេងក៏បានស្នើដល់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក សូមធ្វើប្រតិបត្តិការអាជីវកម្មដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា និងបានស្នើឱ្យកម្មករនិយោជិត និងនិយោជកត្រូវចេះសាមគ្គីភាពគ្នារក្សាឱ្យបាននូវទំនាក់ទំនងល្អនឹងគ្នាដូចជាបងនិងប្អូន ឬជាដៃគូដែលមិនអាចអត់មួយណាបានឡើយ ដើម្បីពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាប្រែក្លាយរោងចក្រ សហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តជាឆ្នាំងបាយរួមរបស់កម្មករនិយោជិត និងនិយោជក។ ប្រសិនជាថ្នាក់ដឹកនាំសហជីពមានធ្វើអ្វីមួយខុសឆ្គង និយោជកគួរចេះអធ្យាស្រ័យ ហៅមកអប់រំ និងណែនាំ ប្រសើរជាងការបណ្តេញចេញ។


ទន្ទឹមនឹងនេះ និយោជកគួរមានគោលនយោបាយលើកទឹកចិត្តដល់កម្មករនិយោជិត បំប៉នសមត្ថភាព និងបង្កើនចំណេះដឹងដល់កម្មករនិយោជិត។ ប្រសិនជាកម្មករនិយោជិតមានចំណេះដឹងជាងមុននោះ ផលិតភាពក៏កាន់តែខ្ពស់សម្រាប់រោងចក្រផងដែរ។


ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ជាអាទិភាពខ្ពស់ ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ បន្តទាក់ទាញវិនិយោគ ពង្រឹងភាពប្រកួតប្រជែង និងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន។


រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥, ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, គោលនយោបាយស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។


ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាននិងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់៕



dd
Bottom Ad