ស្រុកចំនួន០៣ ក្រុងចំនួន០១ ក្នុងខេត្តពោធិ៍សាត់ ត្រូវបានប្រកាសអស់មីនហើយ


ត្រលប់ក្រោយ

23/06/23 03:57 AM

ចំនួនទស្សនា៖

361

ប្រភព៖

ពោធិ៍សាត់

ព័ត៌មានជាសំឡេង

ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរមីនបានរៀបចំពិធីអបអរសាទរការប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុក ក្រគរ និងស្រុកកណ្ដៀង ជាក្រុង-ស្រុក អស់ មីន ក្រោមអធិបតីភាពឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ពិធីប្រកាសនេះមានកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងមានការចូលរួមពី តំណាងរាស្ត្រ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធប្រតិបត្តិករជាតិ-អន្តរជាតិប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។


ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានលើកឡើងថា ទោះបីសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ ហើយសន្តិភាពកើតមានក៏ពិតមែនប៉ុន្តែវត្តមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តជាឧបសគ្គ និងជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយធ្លាប់រងគ្រោះដោយសារសង្គ្រាមយ៉ាងធ្ងន់ធ្ងរ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ មានជនរងគ្រោះចំនួន ៣,៩៣៥នាក់ ស្មើនឹង ៦.០៥% និងជាប់ចំណាត់ថ្នាក់ទី៥នៃគ្រោះថ្នាក់ទូទាំងប្រទេសបន្ទាប់ពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងចំណោមជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៦៥,០២៥នាក់។


ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា តាំងពីចាប់ផ្ដើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ក្នុង ការរៀបចំគោលនយោបាយកាត់បន្ថយភាព ក្រីក្រនិងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីនទៅជាប្រទេស ដែលចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិនៅតាមបណ្ដាប្រទេសកំពុងជួបប្រទះនឹង បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។


ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអាជ្ញាធរមីនដែលបាន បំពេញការងារទទួលជោគជ័យប្រកបទៅ ដោយផ្លែផ្កាធ្វើឲ្យសហគមន៍អន្តរជាតិទទួលស្គាល់នូវសមត្ថភាពលើការងារបោសសម្អាត មីននៅកម្ពុជា។ ជាមួយគ្នានោះឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍អង្គការជាតិអន្តរជាតិ សប្បុរសជននានានិងប្រតិបត្តិករបោសសម្អាត មីនជាតិ-អន្តរជាតិដែលតែងតែជួយដល់រាជរដ្ឋាភិបាលផ្ដល់នូវការឧបត្ថម្ភគាំទ្រទាំងសម្ភារថវិកា និងបច្ចេកទេសសម្រាប់សកម្មភាពមីន មនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំនេះ។


ក្នុងរបាយការណ៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា ខេត្តពោធិ៍សាត់ចាប់ពីឆ្នាំ១៩៩៣គ្រាប់ មីនប្រឆាំងមនុស្សចំនួន៨៨,៧២៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៤១៤គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដទៃទៀតចំនួន៧៩,៣៨៦គ្រាប់ ត្រូវបានរកឃើញនិងកម្ទេចចោលក្នុងទំហំផ្ទៃដីប្រមាណជា៥៤,៩១៤,១២៦ម៉ែត្រក្រឡា ស្មើនឹង៨៨៥ចម្ការមីន/គ្រាប់ដោយប្រតិបត្តិករ ចំនួន៥រួមមាន៖ ស៊ីម៉ាក់, កងកម្លាំងរក្សាសន្តិភាព, Halo Trust, MAG និង អង្គការ ដោះមីនកម្ពុជា (CSHD)។ ក្នុងនោះផ្ទៃដីមាន មីន /គ្រាប់ នៅក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ដែល ត្រូវប្រកាសអស់មីនចំនួន៨,៦៨៩,១៦៥ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួចដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣,៩៩៣គ្រាប់ មីនប្រឆាំងរថក្រោះ៥៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត៣៣,៣៦៦គ្រាប់។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ទោះបីបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹងក្នុងក្រុងស្រុកចំនួន៤នឹងត្រូវប្រកាសអស់មីនក៏ដោយ ខេត្តពោធិ៍សាត់នៅសល់ស្រុកចំនួន ០៣ទៀតកំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមមាន ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកតាលោសែនជ័យ ក្នុងទំហំផ្ទៃដីប្រមាណជា ៧០,០៤៩,៥៦៩ ម៉ែត្រក្រឡា ស្មើនឹង៦៨៣ ចម្ការមីន និងគ្រាប់ និងតំបន់សង្ស័យថ្មីៗមួយចំនួនទៀត ដែលប្រតិបត្តិកររបស់យើងបានរកឃើញ និងកំពុងពិនិត្យវាយតម្លៃដោយអាជ្ញាធរមីន។



dd
Bottom Ad