22/11/21 06:06 AM
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន ៣ នៅកម្ពុជា រួមមាន ក្រុងបាវិត, ក្រុងកំពត និងក្រុងប៉ោយប៉ែត ដើម្បីធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅក្រុងបាវិត កំពត និង ប៉ោយប៉ែត ឱ្យទទួលបានសេវាគ្រប់គ្រងទឹកលូ និង សំណល់រឹងបានល្អប្រសើរ ព្រមទាំងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានបំណងពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។
លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានថ្លែងថា៖ «ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនកំពុងផ្លាស់លំនៅទៅកាន់ក្រុងលំដាប់ទី ២ ។ ប៉ុន្តែលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងរួមទាំងបរិស្ថានមិនសូវល្អបានធ្វើឱ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។ គម្រោងនេះនឹងជួយរាជរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេសក្នុងចំណោមគ្រួសារមានប្រាក់ចំណូលទាប»។
ADB បានកត់សម្គាល់ថា ចំនួនពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាបានកើនដល់ ៦ លាននាក់ក្នុងឆ្នាំ ២០១៩ ពី ២,៦ លាននាក់ក្នុងឆ្នាំ ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាលក្រុងក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ ២០១៩ ប្រមាណ ៤៧ ភាគរយនៃពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមលំនៅឋាន។ ទឹកលូដែលមិនបានសម្អាត ជាទូទៅត្រូវបង្ហូរទៅក្នុងទីចំហរយៈលូរួម និងលូទឹកបង្កប់តាមផ្លូវ ឬដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹងក៏នៅមានកម្រិត។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជាឆ្នាំ ២០១៩-២០២៣ មានបំណងដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ផែនការនេះផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួមទាំងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបានទឹកស្អាតត្រឹមឆ្នាំ ២០២៥ និងពង្រឹងការគ្រប់គ្រងកាកសំណល់រឹង។
យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ គាំទ្រដល់កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គដែលរួមមានក្រុងបាវិត កំពត និងប៉ោយប៉ែត។
នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនេះនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។ នៅក្រុងកំពត គម្រោងនេះនឹងពង្រីកបណ្តាញលូទឹកស្អុយ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្តដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។
គម្រោងនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកខ្លាំងលើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិដើម្បីផ្តល់សេវាកម្ម។
គម្រោងថ្មីរបស់ ADB នេះនឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសចំនួន ២ លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ។ ជំនួយបច្ចេកទេសនេះនឹងផ្តោតលើការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុរួមទាំងការធ្វើឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច៕

