25/11/21 13:28 PM
រដ្ឋសភាបោះឆ្នោតគាំទ្រឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។
ក្នុងនោះ ឯកឧត្តមជាម យៀប តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា។
ការបោះឆ្នោតនេះធ្វើនៅកិច្ចប្រជុំពេញអង្គរដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក រដ្ឋសភា ដែលជាតំណាងរាស្រ្តចំនួន១០៦រូប ។
ឯកឧត្តមជាម យៀប កើតនៅឆ្នាំ១៩៤៦ នៅភូមិព្រែកចាម ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកប្រវត្តិ-ភូមិវិទ្យានៅភ្នំពេញឆ្នាំ១៩៧៤។ ក្រៅពីនោះ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្ម នៃសកល វិទ្យាល័យ «NCGU» នៃសហរដ្ឋអាមេរិក USA នៅឆ្នាំ២០០០, បញ្ចប់ថ្នាក់បណ្ឌិត Doctor Degree of Philosophy in Businesslaw Ph.D. ឆ្នាំ២០០៤, ជាប់ជាបណ្ឌិតរដ្ឋ ឆ្នាំ២០០៩ និងទទួល សញ្ញាបត្រថ្នាក់បណ្ឌិតមហាបរិញ្ញា ផ្នែកទស្សនៈវិជ្ជា វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ២០១០។










