26/11/21 09:04 AM

ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីហាមឃាត់ការចែកចាយ ឬលក់ឱសថបុរាណ «ថ្នាំឬសដូងបាត» គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្តីជូនព័ត៌មាន បានឲ្យដឹងថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ «ថ្នាំឬសដូងបាត ពូកែលេខ១ជាដាច់» កំពុងផ្សព្វផ្សាយលក់ឱសថឈ្មោះ «ថ្នាំឬសដូងបាត» គ្មានលេខបញ្ញីរកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឲ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផល ដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជាកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយឱសថ ដែលគ្មានលេខបញ្ជីកា តាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះ ជាបន្តទៀត។
ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផល «ថ្នាំឬសដូងបាត» ដែលគ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណា ដែលនាំចូល ចែកចាយឬផ្សព្វផ្សាយលក់ផលិតផលដែលគ្មានលេខបញ្ឆិកាខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ម្យ៉ាងទៀត ក្រសួងសុខាភិបាលបានអំពាវដល់ពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នមុននឹងទិញផលិតផលទាំងនោះទៅប្រើប្រាស់។
