27/11/21 08:14 AM

តារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ បានបង្ហាញមុខដោយកម្របង្កការភ្ញាក់ផ្អើលនៅផ្សារទំនើប AEON2 ក្នុងនាមជាគណៈកម្មការប្រកាសជ្រើសរើសធីតាឯកសង្ក្រាន្តត្រៀមសម្រាប់ឆ្នាំថ្មីខាងមុខ។
តារាសម្ដែងជើងចាស់ឈរលំដាប់កំពូលក្នុងវ័យភាពយន្តខ្មែររូបនេះបានបញ្ជាក់ថា ការណ៍ដែលលោកបង្ហាញមុខផ្សព្វផ្សាយផ្ទាល់ គឺដើម្បីចូលរួមចំណែកជំរុញលើកទឹកចិត្តឱ្យយុវតីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្លាហានចូលរួមប្រកួតប្រជែងជ្រើសរើសធីតាឯកសង្ក្រាន្តឆ្នាំនេះ។ លោកថា ធីតាឯកសង្ក្រាន្តមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានចរិយាសម្បត្តិ និងចំណេះចេះដឹងងដែរ។
លោក ទេព រិនដារ៉ូ បញ្ជាក់យ៉ាងដូច្នេះថា៖ “មិនត្រឹមតែរូបសម្ផស្សទេ ថែមទាំងមានចំណេះចេះដឹងជាងគេទៀត។ ខ្ញុំចង់អំពាវនាវដល់ក្មួយៗដែលមានរូបសម្ផស្សស្អាត កាយសម្បទារសមជានារីខ្មែរ មានសេចក្ដីក្លាហានឡើង ដើម្បីដាក់ពាក្យចូលរួមប្រកួតនេះ កុំខ្លាចឱ្យសោះ”។
លោកបានអះអាងាថា បេក្ខនារីទាំងអស់ នឹងទទួលបានការបង្ហាត់បង្រៀនបន្ថែមទៀត នៅក្នុងដំណាក់កាលនៃការប្រកួតប្រជែងនេះ។
បើតាមអ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន Fun Entertainment ធីតាសង្ក្រាន្តត្រូវប្រកួតប្រជែង ដើម្បីជ្រើសរើសចំនួន៧នាក់ ដើម្បីយកធ្វើជាតួអង្គទេវតាឆ្នាំថ្មីសម្រាប់ទូរទស្សន៍ជាតិកម្ពុជា។ តំណាងក្រុមហ៊ុនរូបនេះបន្តថា ក្រៅពីតារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ សមាសភាពគណៈកម្មការក៏មានកញ្ញា រឿន ណាត បវរកញ្ញាឯកចក្រវាឡ៍,តំណាងទូរទស្សន៍ជាតិកម្ពុជា និងតំណាងរបស់ក្រុមហ៊ុនមួយនេះជាដើម ដោយធានាការប្រកួតប្រជែងប្រកបដោយសុក្រិដភាព។
អ្នកនាង សំណាង ពុទ្ធានី អះអាងថា៖” បន្ទាប់ពីពួកគាត់ប្រលងជាប់ហើយ ចំពោះបេក្ខនារីទាំង៧រូប នឹងក្លាយខ្លួនជាតួអង្គទេវតាឆ្នាំថ្មីភ្លាមៗតែម្ដងសម្រាប់ទូរទស្សន៍ជាតិកម្ពុជា”។
សូមបញ្ជាក់ថា ការប្រកួតធីតាឯកសង្ក្រាន្តឆ្នាំថ្មី ចាប់ផ្ដើមប្រព្រឹត្តទៅនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១ ដល់ទី៧ខែកុម្ភៈឆ្នាំ២០២២។ ជយលាភីលេខ១ត្រូវក្លាយជាទេវតាឆ្នាំថ្មី និងទទួលបានទឹកប្រាក់១២លានរៀលផងដែរ។