29/11/21 07:20 AM

នៅថ្ងៃទី២៩ ដល់៣០វិច្ឆិកា លោក ផនខាំ វីផាវ៉ាន់ (Phankhanm Viphavanh) នាយករដ្ឋមន្រី្តនៃប្រទេសឡាវ នឹងមកទស្សនកិច្ចនៅកម្ពុជា ដែលលោកគឺជាភ្ញៀវដំបូងសម្រាប់កម្ពុជា ក្រោយកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោក ផនខាំ វីផាវ៉ាន់ ធ្វើឡើងតាមការអញ្ជើញរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រី្តឡាវ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះ លោក ផនខាំ វីផាវ៉ាន់ ក៏នឹងទៅដាក់កម្រងផ្កាគោរវិញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ នៅវិមានឯករាជ្យ។ ជាមួយគ្នានេះលោកក៏នឹងជួបជាមួយសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចហេង សំរិន ប្រធានរដ្ឋសភាដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចតេជោ ហ៊ុន សែន និង លោក ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi )រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីគឺជាមនុស្សទី២ ដែលមកកម្ពុជា នាថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ៕

