រដ្ឋមន្រី្តក្រសួងការងារ គាំទ្រគម្រោងសាកល្បងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រ


ត្រលប់ក្រោយ

01/12/21 06:29 AM

ចំនួនទស្សនា៖

364

ប្រភព៖

ភ្នំពេញ


រដ្ឋមន្រី្តក្រសួងការងារ គាំទ្រគម្រោងសាកល្បងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រ ដោយឯកឧត្តមដ្ឋមន្ត្រី ស្នើឲ្យមានការរៀបចំជាកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ដើម្បីធ្វើឲ្យគម្រោងនេះអនុវត្តទៅទទួលបានប្រសិទ្ធភាព និងជោគជ័យរួម។


ការគាំទ្របែបនេះ របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីធ្វើការងារឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេស អង្គការ ហេឡែន ខេលល័រ អន្តរជាតិ ចូលជួបពិភាក្សាការងារនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីស្នើសុំកិច្ចសហការពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន។ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការហេឡែន ខេលល័រ ដែលបានបានចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ ១៩៩២មកម្ល៉េះ ពិតជាបានរួមចំណែកច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូសង្គមមួយដែលមិនអាចខ្វះបាន ដែលភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល នេះ ពិតជាជួយជំរុញបន្ថែមដល់និរន្តភាពសកម្មភាពរបស់អង្គការតទៅមុខទៀត។ លោកស្រី Gwyneth Cotes បានជម្រាបទៅកាន់រដ្ឋមន្ត្រីថា អង្គការ ហេឡែន ខេលល័រ ជាអង្គការមនុស្សធ៌មមិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងអប់រំយុវជន និងកីឡា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ននេះ អង្គការ ហេឡែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់ សុខភាពនិងអាហារូបត្ថម្ភ ស្ត្រី និងកុមារនៅតាមបណ្តារោងចក្រមួយចំនួនតាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងពីការយកចិត្តទុកដាក់គិតគូដល់បងប្អូនកម្មករនិយោជិត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះទៅឃើញស្ថានភាពបែបនេះតាមបណ្តារោងចក្រ ហើយសម្តេចតេជោ បានផ្តល់អនុសាសន៍ឲ្យមានការរៀបចំនៅកន្លែងធ្វើការ ត្រូវមានអាហារដ្ឋាន កន្លែងបំបៅដោះកូន ជាដើម។ មួយវិញទៀតចំពោះគម្រោងនេះ ក៏ជាការផ្ញើសារមួយទៅកាន់ទីផ្សារបញ្ជាទិញអន្តរជាតិធំៗផងដែរអំពី កិច្ចគាំពារ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា។ លោកស្រីនាយិកា បានថ្លែងអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការដែលឈានឲ្យមានការចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុវត្តគម្រោងនេះ ហើយរំពឹងថា គម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រនេះនឹងទទួលបានលទ្ធផលជោគជ័យ៕



dd
Bottom Ad