កម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នឹងដាក់ដំណើរការ ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី


ត្រលប់ក្រោយ

01/12/21 06:45 AM

ចំនួនទស្សនា៖

463

ប្រភព៖

ភ្នំពេញ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” នៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្ដុះ និងពន្លឿនអាជីវកម្ម បណ្ដាញវិនិយោគិន និងធុរកិច្ចថ្មីផងដែរ។


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី០១ ខែធ្នូនេះ បានឱ្យដឹងថា ការអភិវឌ្ឍធុរកិច្ចឌីជីថលគឺជាសរសរស្តម្ភមួយក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយផ្តោតលើការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាពនិងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាពនិងធនធានហិរញ្ញវត្ថុ។ តាមទិសដៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធដាក់ចេញនូវ ការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ក្រោមការសម្របសម្រួលពីសំណាក់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និងសហគ្រិនខ្មែរ។


ការរៀបចំកម្មវិធីថ្នាក់ជាតិនេះ មានគោលបំណងធំៗចំនួន៤រួមមាន៖ (១) ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នានិងគ្នាតាមរយៈកម្មវិធីបែបសហគមន៍និងថ្នាលឌីជីថល (២) សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មីដោយបំពេញមុខងារគាំទ្រឱ្យគ្នាទៅវិញទៅមករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី (៣) ផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មីនិងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូលតាមថ្នាលឌីជីថល និង (៤) ជាវេទិកាជាតិមួយក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នារបស់បណ្តាប្រទេសនានា។


សូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ អាចតាមដានការផ្សាយផ្ទាល់ ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី "ធុរកិច្ចថ្មីកម្ពុជា" នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹក លើទំព័រហ្វេសប៊ុក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរបស់ក្រសួង-ស្ថាប័នដៃគូ បាន៕


dd
Bottom Ad