03/12/21 04:58 AM

រដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីត-19 ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងមេរោគកូវីដ-19 ជូនរដ្ឋាភិបាលឡាវនៅព្រឹកថ្ងៃសុក្រទី៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅច្រកព្រំដែនកម្ពុជា-ឡាវ។
លោកសាស្រ្តាចារ្យ ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយលោកស្រីរដ្ឋលេខាធិការ លោកជំទាវ ឱ វណ្ណឌីន ក្នុងនាងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្របខ័ណ្ឌទូទាំងប្រទេស ប្រគល់ជូនដល់ភាគីឡាវនៅព្រឹកមិញនេះ។ ធ្វើឡើងនៅត្រង់ចំណុចព្រំប្រទល់រវាង ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ព្រំដែនកម្ពុជា-ឡាវ។
សូមជម្រាបផងដែរថាកន្លងទៅកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីឡាវ លោក ផាន់ខ វីផវ៉ាន់ មកទស្សនកិច្ចនៅកម្ពុជាជាផ្លូវការមនិងបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចហ៊ុន សែន។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសផ្ដល់ជំនួយថវិកាចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងម៉ាស៊ីនវគ្គ ៥០ ម៉ឺនដូស បន្ថែមជូនដល់រដ្ឋាភិបាលឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងប្រទេសឡាវ។ នៅក្នុងជំនួយជាថវិកាចំនួន ១៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ១០លានដុល្លារសហរដ្ឋអាមេរិក គឺជារបស់ក្រុមហ៊ុនឯកជនដើម្បីចូលរួមជួយ នឹង៣លានដុល្លារសហរដ្ឋអាមេរិក គឺជាជំនួយរបស់រដ្ឋាភិបាលកម្ពុជា។
នៅក្នុងឆ្នាំ 2020 រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ជំនួយជាមនុស្សធម៌ដល់រដ្ឋាភិបាលឡាវផងដែរនូវម៉ាក ២ម៉ឺនម៉ាស់ និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ១១មុខផ្សេងទៀត។ ហើយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក៏បានជូននូវវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២០ ម៉ឺនដូស ជូនដល់ប្រទេសឡាវផងដែរ។
គួររំលឹកផងដែរថា នៅក្នុងឱកាសសម្ពោធផ្លូវ ៣៤ខ្សែនិងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ សម្ដេចក៏បានលើកឡើងថា ដោយក្នុងឆ្នាំ១៩៧៩ កម្ពុជាជួបនូវការលំបាក ពេលនោះក៏បានមិត្តឡាវ និងវៀតណាម បានជួយទុក្ខលំបាកដល់កម្ពុជា។ ដោយកម្ពុជា គឺជាប្រទេសមិនអគុណធម៌នោះទេ នៅពេលដែលមិត្តជួបការលំបាកត្រូវតែជួយត្រឡប់ទៅវិញ។ នេះបង្ហាញពីទឹកចិត្តសប្បុរសជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក៏ជាការផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងគ្នានិងគ្នាជារៀងរហូត។
អត្ថបទ: ប្រសិទ្ធ

