ព្រះមហាក្សត្រកម្ពុជាកោតសរសើររាជរដ្ឋាភិបាល និងកាកបាទក្រហមដែលបានធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែប្រសើរឡើង


ត្រលប់ក្រោយ

03/12/21 05:02 AM

ចំនួនទស្សនា៖

443

ប្រភព៖

ភ្នំពេញ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហម ដែលបានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពនៅ កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។


ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្កាថាព្រះអង្គ និងព្រះវររាជមាតាជាតិខ្មែរ តែងយកហឬទ័យទុកដាក់ គិតគូរ និងបានប្រទាននូវរាជទ្រព្យតាមរយៈព្រះរាជតំណាង ដើម្បីជួយដល់ពលរដ្ឋដែលមានការលំបាកក្រខ្សត់ដែលជាក្រុមជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព។


ព្រះមហាក្សត្រទ្រង់ឈ្វេងយល់ថា កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពកាន់តែប្រសើរឡើងជាលំដាប់ និងបានសំដែងនូវព្រះរាជហឬទ័យគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយបរិយាន្ន ផាសុកវត្ថុ និងចីរភាព។


ព្រះអង្គមានរាជអង្កាថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់សេចក្ដីអាណិតស្រឡាញ់ សន្ដោសប្រណីចំពោះជនមានពិការភាពដែលជួបទុកលំបាកនាពេលកន្លងមក។ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះសហគមន៍ជាតិនិងអន្តរជាតិដែលមានទឹកចិត្តសប្បុរសបានផ្ដល់ការគាំទ្រទាំងផ្នែកស្មារតីសម្ភារៈ និងថវិការដ៏ច្រើនដើម្បីជួយឱ្យវិស័យពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ» ។


ខណៈដែលមេរោគកូវីដ-១៩ កំពុងបន្តរីករាលដាលក្នុងប្រទេស ព្រះមហាក្សត្រក៏អំពាវនាវដល់ជនរួមជាតិ ពិសេសជនមានពិការភាពទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ៣ការពារ ដែលដាក់ចេញដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ផងដែរ។


យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ៕



dd
Bottom Ad