04/12/21 05:07 AM

ភ្នំពេញ៖ កាលព្រឺកថ្ងៃសុក្រ ១៤ រោច ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១ នៅឯណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “ ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS“។
ក្នុងអង្គសិក្ខាសាលានេះមានសិក្ខាកាមចូលរួមមកពី ៨ ស្ថាប័នរួមមាន អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមប្រឹក្សានីតិកម្ម , អគ្គនាយកដ្ឋានពន្ធធនាគារ , អគ្គាធិការដ្ឋាន ,គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD), និង អគ្គលេខាធិការដ្ឋាន។
ថ្លែងក្នុងពិធីបើអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS គឺជាកិច្ចការសំខាន់ណាស់ និងជាផ្នែកមួយ នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងរយៈពេលប្រមាណជាពីរឆ្នាំមកនេះ កិច្ចការមួយចំនួនត្រូវបានផ្អាកដំណើរនិងមានបុគ្គលិក ២០% ប៉ុណ្ណោះនៅការិយាល័យ ព្រោះដោយសារងាកទៅប្រយុទ្ធប្រឆាំងកូវីដ-១៩។ ប៉ុន្តែ បច្ចុប្បន្ននេះយើងបានបើកប្រទេសឡើងវិញក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានចាក់ស្រោចស្រពវ៉ាក់សាំងពេញផ្ទៃប្រទេស។
ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយក បានគូសបញ្ជាក់ថា នេះជាដំណាក់កាលទី៣ នៃការកំណែទម្រង់ ហើយ ឆ្នាំ ២០២៣ យើងចូលដល់ដំណាក់កាលទី៤ នៃការកំណែទម្រង់។ ឯកឧត្ដម នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា សម័យនេះគេងាកទៅប្រើបច្ចេកវិទ្យាព័ត៌មានភាគច្រើន ហើយយើងក៏ដាក់ឲ្យសាកល្បងប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS នេះផងដែរ។ ដូច្នេះ តម្រូវឲ្យយើងធ្វើតាមឯកសារការសរសេរផង និង ត្រូវវាយជា Soft ចូលក្នុងប្រព័ន្ធនេះផង។ «រឿងនេះក្រសួងពាក់ព័ន្ធ គឺលែងភូតកុហកបានទៀតហើយ។ ការគ្រប់គ្រងតាមប្រព័ន្ធនេះ គឺ បង្កើនឲ្យមានអភិបាលកិច្ចល្អ, បង្កើនប្រសិទ្ធភាព,តម្លាភាព, ភាពស័ក្ដិសិទ្ធិ,និងគណនេយ្យភាព។ មួយទៀត វាជួយផ្ទៀងផ្ទាត់ចំណូល-ចំណាយដ៏ត្រឹមត្រូវ។ ការងារនេះជាឧត្ដមប្រយោជន៍នៃប្រទេសជាតិរបស់យើង»។
អ្នកថត យ៉ែមបូណា អត្ថបទ ឆន ទិត្យ




