សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពមួយរូបរបស់វៀតណាម សុំទោសកម្ពុជា


ត្រលប់ក្រោយ

06/12/21 05:57 AM

ចំនួនទស្សនា៖

464

ប្រភព៖

ភ្នំពេញ


ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាព្រឹកថ្ងៃទី០៦ ខែធ្នូនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាមទារឱ្យមេទ័ពវៀតណាមមួយរូប សុំទោសដល់កម្ពុជា ដែលកាលពីពេលកន្លងទៅ មេទ័ពរូបនេះ បាននិយាយថា«បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។


សម្តេចមានប្រសាសន៍ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន អតីតមេបញ្ជាការការពារព្រំដែនវៀតណាម​ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងជាការប្រមាថដល់កម្ពុជា ដែលមិនអាចទទួលយកបាននោះទេ ​ហើយមេទ័ពរូបនោះគួរតែសុំទោស ឬធ្វើការកែតម្រូវឡើងវិញ​​​ ខណៈដែលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាមានសុវត្ថិភាពនិងទប់ស្កាត់ការឆ្លងបានកម្រិតទាប ស្របពេលដែលវៀតណាមអត្រាឆ្លងច្រើនដដែល។


សម្តេចបញ្ជាក់ថា សម្តេចមិនប្រឆាំងវៀតណាមនោះទេ តែសម្តេចប្រឆាំងនឹងសម្តីបុគ្គលដែលបានប្រមាថដល់កម្ពុជា ដែលធ្វើឱ្យសម្តេចមានការឈឺចាប់ជាខ្លាំង ចំពោះសម្តីរបស់មេទ័ពវៀតណាមរូបនេះ ​និងជំរុញឱ្យសម្តេចដាក់ចេញនូវការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ដែលរហូតមកពេលនេះ បានជាង៨៨%ហើយ។


សម្តេចបានបញ្ជាក់បន្ថែមថា«ហ៊ុន សែន ទទួលការប្រមាថមួយម៉ាត់នេះ ហើយធ្វើឱ្យហ៊ុន សែន រើបម្រាស់ ចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនជាង៨៨ភាគរយ ជិតដល់៨៩ភាគរយ»...«លោកឯងពិតប្រាកដទេថា ជំងឺឆ្លងពីកម្ពុជាចូលទៅប្រទេសវៀតណាម លោកឯងត្រូវយកមកពិនិត្យឡើងវិញ ហើយលោកឯងគួរសុំទោសខ្ញុំឬអត់? សុំទោសប្រជាជនកម្ពុជាឬអត់?»។


សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រោយមានការរកឃើញនូវករណីពលរដ្ឋខ្មែរដំបូងគេ បានឆ្លងជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន ដែលពេលនោះមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានធ្វើសន្និសីទកាសែតមួយស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩នៅតាមព្រំដែន ដោយលោកបានលើកឡើងថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។ ១សប្តាហ៍បន្ទាប់ពីមានការលើកឡើងរបស់មេទ័ពវៀតណាមរូបនោះ យោធាវៀតណាម បានសម្រេចជាឯកតោភាគី ចាប់ផ្តើមបោះតង់ រហូតដល់ជាង៣០កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងការបោះតង់នេះ វៀតណាមបានប្រើប្រាស់ហេតុផលរឹតបន្តឹងចំពោះការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដែលជាវិធានការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩។


dd
Bottom Ad