06/12/21 09:25 AM

ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថានៅថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ នឹងសម្ពោធជាផ្លូវការនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ថ្លែងបែបនេះ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់-ទទួលជាផ្លូវការកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានសាងសង់រួចរាល់ និងត្រៀមសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនេះ គឺជាការអំណោយរបស់រដ្ឋាភិបាលចិន និងនិយាយមួយបែបជាកាដូរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ជូនចំពោះប្រទេសកម្ពុជា និងសម្តេច ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅ សង្កាត់ ព្រែកតាមាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដោយសារបញ្ហាជំងឺកូវីដ-១៩ នៅថ្ងៃសម្ពោធនិងដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិ សម្តេចនឹងអនុញ្ញាតឱ្យមនុស្សចូលរួមចំនួន៦ម៉ឺន ៥ពាន់នាក់ បូករួមទាំងក្រុមកីឡាករ កីឡារិនី ដើម្បីអបអរថ្ងៃសម្ពោធពហុកីឡដ្ឋានថ្មីរបស់កម្ពុជាដ៏ធំមួយនេះ។ ប៉ុន្តែខណៈពេលនេះ នឹងមានមនុស្សយ៉ាងតិច១ម៉ឺន ៥ពាន់នាក់ នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធពហុកីឡដ្ឋានដ៏ធំរបស់យើង។
គួររំលឹកផងដែរថានៅឆ្នាំ២០២៣ ខាងមុខនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេម។ ហើយនេះក៏ជាមុខមាត់ថ្មី និងជាកិត្តិយសរបស់ប្រទេសកម្ពុជាយើងផងដែរ។





