06/12/21 09:55 AM

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានអញ្ជើញទៅដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា កាលពីពេលថ្មីៗនេះ ដែលព្រះសពតម្កល់នៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្ដែងនូវមនោសញ្ចេតនាអាឡោះអាល័យចំពោះការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះនរត្តម រណឬទ្ធិ។ តាមរយៈសាររំលែកព្រះមរណទុក្ខ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ ជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហរទ័យស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដែលទ្រង់ប្រកបដោយព្រះឆន្ទៈមនសិកាមមោះមុត និងវាងវៃជាអតិបរមា។
សូមបញ្ជាក់ថា ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងដង្ហែមកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃអាទិត្យ ទី០៥ខែធ្នូម្សិលមិញ ពោលគឺមួយសប្ដាហ៍បន្ទាប់ពីទ្រង់យាងសោយទិវង្គត នៅប្រទេសបារាំង កាលពីថ្ងៃទី២៨វិច្ឆិកា។ ការយាងសោយទិវង្គតរបស់សម្ដេចក្រុមព្រះ គឺជាការបាត់បង់តួអង្គនយោបាយមួយរូប ដែលធ្លាប់តែសកម្មនៅលើឆាកនយោបាយកម្ពុជាកាលពីជាង៣ទសវត្សមុន៕

